Son Heung-min នឹងនៅតែបន្ដលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង នេះបើយោងតាមការអះអាងរបស់គ្រូបង្គោល Jurgen Klinsmann កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានក្រុមរូបនេះ បានលើកឡើងថា កំពុងពិចារណាអំពីការចូលនិវត្តន៍។
ក្រុមកូរ៉េខាងត្បូង បានជ្រុះចេញពី AFC Asian Cup ក្រោយបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោមថ្វីជើងហ្សកដានី កាលពីថ្ងៃអង្គារ ហើយ Son ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ចំពោះអនាគតរបស់គេជាមួយក្រុមកូរ៉េខាងត្បូង។
ទោះយ៉ាងណាក្ដី លោក Klinsmann បាននិយាយថា លោកបានផ្ញើសារជាអក្សរជាមួយ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ បន្ទាប់ពីពួកគេបានចាកចេញពីប្រទេសកាតារ ហើយលោកជឿជាក់ថា គេនឹងនៅបន្ដ។
គ្រូបង្គោលក្រុមជម្រើសជាតិកូរ៉េខាងត្បូងបាននិយាយថា៖ “សម្រាប់កីឡាករដូចជាគេ ពិតជាកីឡាករដ៏ពិសេស ហើយជាប្រធានក្រុម និងអ្នកដឹកនាំ វាពិតជារំជើបរំជួល ក្នុងការទទួលស្គាល់ថា អ្នកមិនអាចឈ្នះជើងឯក”។
“ខ្ញុំយល់ពីអារម្មណ៍របស់គេ។ គ្មានអ្វីដែលត្រូវសង្ស័យទេ Sonny នឹងត្រលប់មកវិញនាខែមីនា។ គេជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់ ហើយគោលដៅបន្ទាប់របស់យើងគឺ World Cup នៅអាមេរិក”៕