អតីតអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លិបបិសចាក្រហម Manchester United លោក Ralf Rangnick ត្រូវបានគេរាយការណ៍ថាកំពុងនៅក្នុងបញ្ជីបេក្ខភាពកំពូលងមួយ ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Barcelona ។
ជាការពិតណាស់ ក្លិប Barcelona កំពុងស្ថិតនៅក្នុងដំណើរការស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីលោក Xavi បានប្រកាសកាលពីខែមុនថា លោកនឹងចាកចេញពីទឹកដី Camp Nou នៅដំណាច់រដូវកាលនេះ ក្រោយពីចំណាយពេលដឹកនាំអស់ជិត ៣ ឆ្នាំ។
យ៉ាងណាមិញ ក្នុងចំណោមឈ្មោះដែលត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយក្លិបយក្សនៅ La Liga គឺលោក Jurgen Klopp ដោយគាត់ក៏បានធ្វើការប្រកាសថានឹងចាកចេញពីក្លិប Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ ផងដែរ។
ប៉ុន្តែឥឡូវនេះ យោងតាមសារព័ត៌មានអេស្ប៉ាញ Sport បានរាយការណ៍ថា ប្រធានក្លិប Barcelona លោក Joan Laporta គឺជាអ្នកគាំទ្រដ៏ធំធេងម្នាក់របស់ Rangnick ហើយបានបន្ថែមគាត់ទៅក្នុងបញ្ជីសម្រិតសម្រាំងនៃការមកជំនួសតំណែងរបស់លោក Xavi នាពេលខាងមុនេះផងដែរ។
ថ្វីត្បិតតែទម្រង់លេងរបស់បិសាចក្រហម ហាក់មិនដំណើរការល្អក៏ដោយ ប៉ុន្តែការដឹកនាំរបស់បុរសសញ្ជាតិអាឡឺម៉ង់រូបនេះ នៅតែទទួលបានការគោរពជាពិសេស ចំពោះសមត្ថភាពរបស់គាត់ ក្នុងការអភិវឌ្ឍវ័យក្មេងមានទេពកោសល្យ ឲ្យក្លាយទៅជាកីឡាករកំពូល។
ជម្រាបជូនផងដែរថា បច្ចុប្បន្ន Rangnick គឺជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិអូទ្រីស ខណ:បច្ចុប្បន្នលោកកំពុងរៀបចំដឹកនាំក្រុម សម្រាប់ការប្រកួតពានរង្វាន់ Euro ឆ្នាំ២០២៤ នៅរដូវក្តៅខាងមុខនេះផងដែរ៕