ខ្សែប្រយុទ្ធស្លាប Marquinhos របស់ក្លឹប Arsenal បានឈានដល់ការព្រមព្រៀងក្នុងការចូលរួមក្លឹបប្រេស៊ីល Fluminense ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល ២០២៤។
កីឡាករវ័យ២០ឆ្នាំ បង្ហាញខ្លួនត្រឹមតែ៦លើកប៉ុណ្ណោះ សម្រាប់ក្រុមធំ Arsenal មុនពេលត្រូវបានដាក់ឱ្យក្លឹបដទៃខ្ចីជើងពីរលើក។ កីឡាករប្រេស៊ីលរូបនេះ បានចំណាយរដូវកាល ២០២២-២៣ ក្រោមកិច្ចសន្យាខ្ចីជើងពី Norwich City ដោយបង្ហាញខ្លួន១១ប្រកួត និងរកគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ។
ក្នុងរដូវកាលនេះ គេបានចូលរួមក្លឹបបារាំង Nantes ដោយបង្ហាញខ្លួន៧លើក មានម្ដងលេងក្នុងជម្រើស១១នាក់។ យោងតាមប្រភពពី អ្នកជំនាញដោះដូរ Fabrizio Romano បានឱ្យដឹងថា Marquinhos បានស៊ីញ៉េលើកុងត្រា និងធ្វើតេស្ដសុខភាព។
ការព្រមព្រៀងត្រលប់ទៅប្រេស៊ីលវិញ មានភ្ជាប់ជាមួយនឹងតម្លៃនៃការខ្ចីជើង និងជម្រើសទិញផ្ដាច់ នារដូវក្ដៅខាងមុខ ប្រសិនបើលក្ខខណ្ឌត្រូវបានអនុវត្ត៕