បន្ទាប់ពីបង្ហាញសមត្ថភាពបានយ៉ាងល្អ និងគួរឱ្យភ្ញាក់ផ្អើល ជាពិសេសក្នុងការប្រកួតជ័យជម្នះ ១-០ នៅទឹកដីរបស់ RB Leizpig, ពេលនេះក្លឹប Real Madrid បានគិតគូរក្នុងការបន្ដកិច្ចសន្យាថ្មីសម្រាប់អ្នកចាំទី Andriy Lunin។
នៅពេលដែល Thibaut Courtois បានអវត្តមានរយៈពេលវែងក្នុងរដូវកាលនេះ ដោយសារតែបញ្ហារបួស ACL ជាឱកាសម្រាប់ Lunin ក្នុងការបញ្ចេញសមត្ថភាព ក្នុងការប្រកួតជាបន្ដបន្ទាប់។
យោងតាមប្រភពពីសារព័ត៌មាន AS បានឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ Real Madrid មានការពិភាក្សា ក្នុងការត្រៀមផ្ដល់សំណើដល់អ្នកចាំទីវ័យ២៥ឆ្នាំ ស្របពេលដែលកុងត្រាបច្ចុប្បន្ននៅសល់សុពលភាពត្រឹមឆ្នាំ២០២៥ ហើយក្លឹបរំពឹងថា Lunin នឹងបន្ដរួមរស់ជាមួយពួកគេ ដើម្បីប្រជែងតំណែងជាមួយ Courotis។
ប៉ុន្ដែប្រសិនបើ កីឡាករអ៊ុយក្រែនចង់ចាកចេញ ក្នុងទីផ្សារដោះដូររដូវក្ដៅនេះ នោះការបន្ដកុងត្រាថ្មី អាចជាផលចំណេញសម្រាប់ក្លឹបអធិរាជស ក្នុងការដំឡើងថ្លៃផ្ទេររបស់គេ៕