ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអ្នកចាំទី Diant Ramaj របស់ក្រុម Ajax ដើម្បីមកជំនួសកន្លែងរបស់ Aaron Ramsdale ។
ជាក់ស្តែង នៅដើមរដូវកាលនេះ កីឡាករជម្រើសជាតិអង់គ្លេស បានបង្ហាញខ្លួនទៀងទាត់នៅក្នុងជម្រើសដំបូងរបស់ក្រុមកាំភ្លើងធំ ទោះបីជាមានការមកដល់របស់ David Raya ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Brentford ក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីវិលត្រលប់មកការប្រកួតអន្តរជាតិក្នុងខែកញ្ញាមក គ្រូបង្វឹកលោក Mikel Arteta ហាក់បីដូចជាបានបង្ហាញទំនុកចិត្តខ្ពស់ សម្រាប់ Raya សម្រាប់តំណែងអ្នកចាំទី នៅក្នុងជម្រើសដំបូងរបស់លោកវិញ ។
មិនតែប៉ុណ្ណោះ បើទោះបីជា Mikel Arteta បន្តចង់រក្សាទុក Ramsdale ក្នុងក្រុមរបស់គាត់ក៏ដោយ ប៉ុន្តែកិច្ចសន្យារបស់កីឡាករវ័យ ២៥ឆ្នាំនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៦ ហើយ ស្របពេលក្លិប Arsenal ក៏អាចនឹងពិចារណាលក់កីឡាកររបស់ខ្លួនចេញផងដែរ ដោយសារពាក់ព័ន្ធជាមួយច្បាប់ FFP ។
ហើយឥឡូវនេះ យោងប្រភពពី FootballTransfers បានអះអាងមកថា ក្រុម Arsenal កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើ Ramaj ដែលបច្ចុប្បន្នកំពុងធ្វើបានល្អនៅក្រុម Ajax ដោយគេអាចចាប់ផ្តើមការប្រកួត ២១លើក នៅរដូវកាលនេះ បើទោះបីជាក្លិបយក្សហូឡង់ ហាក់កំពុងជួបប្រទះជាមួយរដូវកាលដ៏អាក្រក់មួយក៏ដោយ៕