បច្ចុប្បន្នអនាគតរបស់ខ្សែការពារឆ្នើម Alphonso Davies ជាមួយក្លិប Bayern Munich កំពុងស្ថិតនៅក្នុងភាពសង្ស័យកាន់តែខ្លាំងឡើង ចំពេលមានរបាយការណ៍កាន់តែច្រើនឡើង បានអះអាងថាកីឡាករសញ្ជាតិកាណាដារូបនេះ កំពុងខិតទៅជិតក្នុងការផ្ទេរទៅកាន់ក្លិប Real Madrid ផងដែរ។
ជុំវិញស្ថានភាពបែបនេះ យោងតាមអ្នកកាសែត Carlos Carpio របស់សារព័ត៌មាន Marca បានរាយការណ៍មកថា ក្លិប Bayern ក៏កំពុងត្រៀមខ្លួនរួចជាស្រេចផងដែរ ក្នុងការចែកផ្លូវគ្នាជាមួយ Davies និងថែមទាំងបានកំណត់តម្លៃខ្លួនប្រមាណ ៥០លានអឺរ៉ូ សម្រាប់គេថែមទៀតផង។
ទន្ទឹមនឹងនេះ យោងតាមអ្នកជំនាញផ្នែកទីផ្សារ លោក Fabrizio Romano បានអះអាងថាក្លឹបយក្សនៅ La Liga គឺជាគោលដៅសំណព្វចិត្តរបស់ Davies ចាប់តាំងពីខែតុលា ឆ្នាំមុនមកម្លេះ ខណ:អ្នកកាសែតរូបនេះក៏បាននិយាយទៀតផងដែរថាក្លិប Bayern នឹងយល់ព្រមលក់ខ្សែការពាររូបនេះចេញដោយគិតច្រើនឡើយ ប្រសិនបើមិនមានការចរចាលើកុងត្រាថ្មីណាមួយត្រូវធ្វើឡើងនោះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Carpio បានបង្ហើបទៀតថាក្លិប Madrid នឹងចាប់ផ្តើមបើកការផ្តល់ជូនសំណើមួយដែលមានតម្លៃត្រឹមតែ ៣៥លានអឺរ៉ូប៉ុណ្ណោះ ដោយថ្នាក់ដឹកនាំរបស់ក្លិបអេស្ប៉ាញ កំពុងសម្លឹងរកមើលឱកាសក្នុងការព្យាយាមទាញយកកីឡាកររូបនេះមកក្នុងតម្លៃទាប ពោលគឺដូចកាលដែលខ្លួនបាននាំយក Toni Kroos មក កាលពីពេលអតីតកាលផងដែរ៕