អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Sam Allardyce ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា នឹងចាប់អារម្មណ៍ក្នុងការចូលមកទទួលការងារដឹកនាំក្រុមតោខៀវ Chelsea ចំពេលមានពាក្យចចាមអារ៉ាមថាគ្រូបង្វឹក Mauricio Pochettino កំពុងប្រឈមនឹងការបណ្តេញចេញ។
ជាក់ស្តែង វាត្រូវបានគេជឿថាថ្នាក់ដឹកនាំរបស់ក្រុម Chelsea ហាក់កំពុងចាប់ផ្តើមស្វែងរកអ្នកមកជំនួសតំណែងរបស់លោក Pochettino ហើយ ខណ:ក្លិបអង់គ្លេសកំពុងមានគម្រោងចែកផ្លូវជាមួយបុរសសញ្ជាតិអាហ្សង់ទីន នៅចុងបញ្ចប់នៃរដូវកាលនេះ។
ជុំវិញស្ថានភាពបែបនេះ មានរាយការណ៍ជាច្រើនបានរាយការណ៍មកថា គ្រូបង្វឹកឆ្នើមៗមួយចំនួន ហាក់កំពុងមានទំនងទំនងជាមួយក្លិប Chelsea រួចហើយ ខណ:ឥឡូវនេះ បើតាមការចុះផ្សាយពី Talksport បានបង្ហាញថា លោក Allardyce ក៏កំពុងចាប់អារម្មណ៍ទៅលើតំណែងនេះផងដែរ។
ជម្រាបជូនផងដែរថា លោក Allardyce កំពុងទំនេរពីការងារ ចាប់តាំងពីបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិប Leeds United ក្នុងខែមិថុនាមក ស្របពេលលោកធ្លាប់មានបទពិសោធក្នុងការដឹកនាំក្រុមអង់គ្លេសជាច្រើនរួចមកហើយ ដូចជា West Brom, Everton, Crystal Palace, Sunderland, West Ham, Blackburn, Newcastle, Bolton, Notts County និង Blackpool ៕