ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានកំណត់គោលដៅក្នុងការនាំយកអតីតគ្រូបង្វឹករបស់ក្លិប Real Madrid លោក Zinedine Zidane ជាអ្នកចាត់ការថ្មីរបស់ខ្លួន។
ជាក់ស្តែង នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន FootMercato ដែលបានរាយការណ៍មកថា លោក Zidane កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅរបស់សម្ព័ន្ធក្រុមហ៊ុន INEOS ដែលដឹកនាំដោយ លោក Sir Jim Ratcliffe ក្នុងការមកជំនួសតំណែងរបស់លោក Erik ten Hag ។
គួរឲ្យដឹងផងដែរថា ក្លិប Man United ហាក់កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការផ្លាស់ប្តូរក្រុមទ្រង់ទ្រាយធំ ពោលគឺចាប់តាំងពីលោក Ratcliffe ត្រូវបានគេរាយការណ៍ថាបានទទួលសិទ្ធិកាន់កាប់មួយភាគធំ នៅទឹកដី Old Trafford ដោយនោះមានន័យថាគាត់នឹងគ្រប់គ្រងរាល់ប្រតិបត្តិការទាំងអស់នៅក្លិប United។
យ៉ាងណាមិញ ចំណាប់អារម្មណ៍របស់ក្លិប Man Utd ក្នុងការនាំយកបុរសសញ្ជាតិបារាំងមកដឹកនាំក្រុមរបស់ខ្លួន បានកើតឡើង ពោលគឺនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Zidane បានបើកចំហរយ៉ាងច្បាស់ថាលោកអាចនឹងវិលត្រលប់មមកកាន់តំណែងជាអ្នកចាត់ការក្រុមវិញ នៅពេលណាមួយ ៕