Girona មានរដូវកាលមួយដ៏អស្ចារ្យនៅ La Liga រដូវកាលនេះ ស្របពេលដែលកីឡាករមួយចំនួនធំនៅក្នុងក្រុម ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបកំពូលៗនានានៅអឺរ៉ុប ក្នុងទីផ្សាររដូវក្ដៅខាងមុខ។
Savio នឹងចាកចេញពីក្លឹបអេស្ប៉ាញមួយនេះ ក្រោយកិច្ចសន្យាខ្ចីជើងរូបគេពីក្លឹប Manchester City ត្រូវបានបញ្ចប់ ខណៈដែលកីឡាករកំពុងលេចធ្លោដូចជា Aleix Garcia, Artem Dovbyk និង Ivan Martin ក៏មានការភ្ជាប់នឹងការចាកចេញផងដែរ។
ដោយឡែក Miguel Gutierrez ក៏អាចស្ថិតនៅក្នុងស្ថានភាពដូចគ្នា បន្ទាប់ពីគេបានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងចំណោមខ្សែការពារស្លាបឆ្វេងនៅ La Liga រដូវកាលនេះ។
កីឡាករអេស្ប៉ាញវ័យ២២ឆ្នាំ មានការភ្ជាប់ទៅនឹងការត្រលប់ទៅកាន់ Real Madrid ប៉ុន្ដែ ក៏អាចនឹងទៅជំនួសកន្លែងកីឡាករដែលក្លឹបអធិរាជសចង់បាន នារដូវក្ដៅនេះគឺ Alphonso Davies។
យោងតាមប្រភពពីសារព័ត៌មានអាល្លឺម៉ង់ Bild រាយការណ៍ថា ក្លឹប Bayern Munich កំពុងពិចារណាជ្រើសរើស Gutierrez ដើម្បីជំនួសកន្លែងរបស់តារាឆ្នើមកាណាដា ប្រសិនបើគេចាកចេញ៕