Anthony Elagan ជាអតីតកីឡាករនៅ Man United បានបង្វែរការចាប់អារម្មណ៍ទៅមិត្តចាស់នៅ Old Trafford ថាជាកីឡាករគេមើលរំលង តែសម្រាប់ខ្លួនគឺជាមិត្តរួមទ្រនំល្អបំផុត ធ្លាប់បានឆ្លងការរួមទីលានជាមួយ។ បញ្ជាក់ឲ្យបងប្អូនបានដឹងកីឡាករស៊ុយអែត ជ្រើសការផ្ទេរចេញក្នុងតម្លៃ ១៥ លានផោន ទៅកាន់ Nottingham Forest ជាក្លឹបបច្ចុប្បន្នរបស់គេ កាលពីរដូវក្តៅ។
ចាប់តាំងផ្ទេរមកទ្រនំថ្មី Elanga បង្ហាញទម្រង់ល្អជាងកាលនៅបិសាចក្រហម ត្រង់ ៣០ ប្រកួត ក៏កីឡាករវ័យ ២១ ឆ្នាំ ចូលរួមចំណែករកបាន ៥ គ្រាប់និង Assist ៧ លើកផងដែរ។ ថ្មីថ្មោងមានការចោទសួរពាក់ព័ន្ធនឹងកីឡាករដែលគ្រប់គ្នាមើលរំលងល្អបំផុត គេធ្លាប់បានលេងជាមួយ។
ក៏ស្រាប់តែកីឡាករខាងលើឆ្លើយ៖ “ក្នុងខួរក្បាលរបស់ខ្ញុំ គឺបានរំលេចឈ្មោះ Angel Gomes មកភ្លាម ស្មោះត្រង់ទៅគេពិតជាល្អខ្លាំងណាស់ ខ្ញុំទទួលអារម្មណ៍កាលបានមើលគេនៅ EURO U21 ដែលអង់គ្លេសឈ្នះ គេបង្ហាញគុណភាពជាមួយការលេងជាតំណែងលេខ ៦,៨ និង ១០ បានយ៉ាងអស្ចារ្យ”។
លោកបន្ត៖ “ខ្ញុំអាចរាប់ឈ្មោះកីឡាករដទៃបន្ថែមទៀត តែនេះ Angel ពិតជាបានដក់ជាប់ក្នុងអារម្មណ៍របស់ខ្ញុំ”។ រំឭកឲ្យបងប្អូនបានដឹង កីឡាករលេងបម្រើប្រយុទ្ធ កម្ពស់ ១,៦៨ ម៉ែត្រ Gomes ធ្លាប់បានឈរជើងនៅ Man United ចន្លោះរដូវកាល ២០១៦ ដល់ ២០២០ នេះបើរាប់ទាំងឈុតថ្នាល មុនចាកចេញទៅក្លឹបបារាំង Lille ក្នុងលក្ខខណ្ឌឥតតម្លៃខ្លួនទល់សព្វថ្ងៃ៕