ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានចូលរួមក្នុងការប្រកួតប្រជែង ដើម្បីនាំយកខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus កីឡាករ Federico Chiesa ស្របពេលក្រុមបិសាចក្រហម Man United ក៏កំពុងចាប់អារម្មណ៍ផងដែរ។

ជាក់ស្តែងកីឡាករវ័យ ២៦ឆ្នាំរូបនេះ ចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំង អំឡុងពេលដែលគេបានជួយក្រុមជម្រើសជាតិអ៊ីតាលី ឲ្យឈ្នះពានរង្វាន់ Euro ឆ្នាំ២០២១ រហូតដល់ត្រូវបានក្លិប Juventus ចាប់ចិត្ត និងបានទិញយកពីក្លិប Fiorentina ។
ហើយឥឡូវនេះ យោងតាមអ្នកកាសែតអ៊ីតាលី លោក Fabio Santini បានបង្ហាញឲ្យដឹងថា ក្លិប Liverpool បានពង្រឹងចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការចុះហត្ថលេខាលើ Chiesa ដោយបានធ្វើការពិភាក្សាជាមួយក្រុម Juventus ជុំវិញការផ្ទេរដែលអាចទៅរួចមួយ។
ទន្ទឹងនឹងនេះ ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ក្លិប Man Utd ក៏នឹងមិនព្រមបើកផ្លូវឲ្យក្លិបផ្សេង ចុះហត្ថលេខាលើ Chiesa ទៅបានដោយស្រួលផងដែរ ដោយពួកគេកំពុងពិចារណាចុះហត្ថលេខាលើកីឡាករវ័យ ២៦ឆ្នាំរូបនេះ និងថែមទាំងចុះតែងតាំងគ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Antonio Conte ជាអ្នកមកជំនួសតំណែងរបស់លោក Ten Hag ផងដែរ៕