នាវាដែលមានឈ្មោះ ”Belem” បានចាកចេញពីកំពង់ផែ Piraeus ប្រទេសក្រិក នៅពេលព្រឹកសម្រាប់ការធ្វើដំណើររយៈពេល១១ថ្ងៃឆ្ពោះទៅកាន់ទីក្រុង Marseille ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយអ្នកតាំងលំនៅក្រិក Phocaea ប្រហែល ៦០០ឆ្នាំមុនគ.ស នៅថ្ងៃទី៨ ខែឧសភា។

អ្នករៀបចំកម្មវិធីអូឡាំពិក២០២៤ បានទទួលអណ្តាតភ្លើងកាលពីថ្ងៃសុក្រ នៅក្នុងពិធីមួយនៅកីឡដ្ឋាន Panathenaic របស់ទីក្រុងអាតែន ជាកន្លែងប្រកួតកីឡាអូឡាំពិកទំនើបដំបូងគេក្នុងឆ្នាំ១៨៩៦ បន្ទាប់ពីធ្វើពិធីសុំភ្លើងកាលពីសប្តាហ៍មុននៅក្នុងទីក្រុងបុរាណ Olympia ដើម្បីរត់ក្នុងប្រទេសក្រិក រយៈពេល ១១ថ្ងៃ។
បន្ទាប់ពីពិធីដ៏ខ្លីមួយនៅកំពង់ផែ Piraeus កាលពីថ្ងៃសៅរ៍ នាវាបានចេញដំណើរទៅកាន់ប្រទេសបារាំង។ អ្នកទស្សនាប្រមាណ ១៥ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីនេះនៅកំពង់ផែ Old Port ក្នុងទីក្រុង Marseille ដែលនឹងក្លាយជាទីតាំងរៀបចំការប្រកួតកីឡាទូកក្តោងផងដែរ និងជាការចាប់ផ្តើមនៃការបញ្ជូនភ្លើងគប់បន្ត ដើម្បីរត់ក្នុងប្រទេសបារាំងរយៈពេល ៦៨ថ្ងៃនៅទូទាំងប្រទេស។

អ្នកកាន់ភ្លើងគប់ចុងក្រោយនៅទីក្រុង Marseille នឹងឡើងលើដំបូលកីឡដ្ឋាន Velodrome នៅថ្ងៃទី៩ ខែឧសភា ហើយការរត់បន្តនឹងបញ្ចប់នៅទីក្រុងប៉ារីសនៅថ្ងៃទី២៦ ខែកក្កដា ជាមួយនឹងពន្លឺភ្លើងចង្ក្រានអូឡាំពិកក្នុងអំឡុងពិធីបើកព្រឹត្តិការណ៍នៅតាមដងទន្លេសែន។
អ្នករៀបចំសង្ឃឹមថា ពិធីបើកដែលដង្ហែដោយទូកចំនួន ១៦០គ្រឿងដើម្បីដឹកអត្តពលិកមកពីជុំវិញពិភពលោក នឹងធ្វើដំណើរលើផ្លូវទឹកចម្ងាយ៦គីឡូម៉ែត្រឆ្ពោះទៅកាន់ប៉មប្រាសាទ Eiffel Tower នឹងបង្ហាញទស្សនីយភាពដ៏អស្ចារ្យ៕