Messi បានជួបបញ្ហារបួសសាច់ដុំខាងស្តាំ អំឡុងការប្រកួតទល់នឹងក្រុមស៊ីលី នៅការប្រកួតវគ្គចែកពូលពានរង្វាន់ Copa America នេះ។ កីឡាករបាល់ទាត់វ័យ ៣៧ឆ្នាំ ក៏ថែមទាំងខកខានលេងការប្រកួតចុងក្រោយវគ្គចែកពូល ដែលយកឈ្នះលើប៉េរូ ស្របពេលដែលលោក Scaloni ក្នុងការប្រកួតនោះក៏មិនបានដឹកនាំដោយផ្ទាល់ ព្រោះជាប់បម្រាម ១ប្រកួត ពីសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង CONMEBOL។
យ៉ាងត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គ ៨ក្រុម ចុងក្រោយ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានអះអាងថាលោកកំពុងតែស្ថិតក្នុងការសម្រេចចិត្តនៅឡើយ សម្រាប់វត្តមានរបស់កីឡាករប្រធានក្រុម Messi។
លោក Scaloni ដែលដឹកនាំក្រុមឈ្នះ World Cup 2022 កន្លងទៅ បាននិយាយដូច្នេះថា៖«យើងនឹងរង់ចាំមើលនៅប៉ុន្មានម៉ោងបន្ទាប់ទៀត សម្រាប់ការសម្រេចចិត្ត។ ថ្ងៃថ្មីគឺតែងតែល្អជានិច្ច យើងនឹងសម្រេចថាតើនឹងត្រូវឆ្លើយតបបែបណា ចំពោះរឿងដែលជួបនៅថ្ងៃនេះ។ យើងព្យាយាមជួយឱ្យគេត្រឡប់មកវិញ ហើយប្រសិនបើគេមិនទាន់អាចលេងបានទេ យើងនឹងព្យាយាមរកអ្វីដែលល្អបំផុតសម្រាប់ក្រុម ខ្ញុំនឹងទៅជជែកជាមួយគេថ្ងៃនេះ ខ្ញុំគិតថាគេត្រូវការពេលសមល្មមបន្ថែមទៀត ក៏ដូចការហ្វឹកហាត់តាមតែគេអាចធ្វើបាន។»។
ចំណែកសម្រាប់ការប្រជែងពានលើកនេះ ក្រុមការពារតំណែងជើងឯកកំពុងតែសម្លឹងមើលការឈ្នះពានរង្វាន់ Copa America លើកទី១៦ និងជាការឈ្នះពានរង្វាន់អន្តរជាតិលើកទី៣ ជាប់គ្នាផងដែរ។ ដៃគូវគ្គបន្ទាប់របស់អាហ្សង់ទីន ជាក្រុមអេក្វាទ័រ ដែលមានទេពកោសល្យល្អមួយក្នុងការប្រកួត ចេញពីតំណែងលេខ ២ ក្នុងពូល B ក្រោយពេលពួកគេប្រកួតស្មើនឹងក្រុមម៉ិកស៊ិក លទ្ធផល ០-០។
អាហ្សង់ទីនបានឈ្នះពានរង្វាន់ Copa America ចុងក្រោយបំផុតនៅក្នុងឆ្នាំ ២០២១ មុនពេលបន្តទៅដណ្តើមបានពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ បន្ថែមទៀត។ យ៉ាងណានៅក្នុងការប្រកួតលើកនេះ លោក Scaloni បាននិយាយដោយបានដាក់ខ្លួនថា ស្ថិតក្នុងការប្រជែងពាន Copa America ឆ្នាំនេះ គឺសុទ្ធសឹងតែក្រុមមានកម្រិតខ្ពស់ ហើយគ្មានក្រុមណាមួយនោះទេ ដែលមានឈ្មោះជាបេក្ខភាពភាគរយឈ្នះពានច្រើនជាងគេ។
៨ក្រុមដែលឡើងទៅជួបគ្នាវគ្គ១/៤ផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០២៤ មាន៖
– អាហ្សង់ទីន ជួបអេក្វាទ័រ
– វេណេស៊ុយអេឡា ប៉ះ កាណាដា
– កូឡំប៊ី ជួប ប៉ាណាម៉ា
– ប្រេស៊ីល តទល់ អ៊ុយរូហ្គាយ៕