ក្នុងព្រឹត្តិការណ៍កីឡាហាប់គីដូជើងឯកពិភពលោក នៅប្រទេសថៃ កាលពីថ្ងៃទី១-៤ ខែសីហា អត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប៤០ ក្នុងមាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥។ លទ្ធផលនេះ លើសពីការរំពឹងទុករបស់ លោក គង់ ចាន់ធីណា។ មុនពេលប្រកួត អគ្គលេខាធិការរូបនេះ គ្រាន់តែរំពឹងថា អាចដណ្ដើមបានមេដាយមាស១-២ប៉ុណ្ណោះ ប៉ុន្ដែអត្ដពលិកកម្ពុជា ដណ្ដើមបានរហូត៤០មេដាយ។
ចំនួនមេដាយសរុប៤០នេះ បានជួយកម្ពុជា បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ចំណោមប្រទេសចូលរួមទាំង១២ ដោយតាមពីក្រោយម្ចាស់ផ្ទះថៃ ដែលរកបានមេដាយសរុបច្រើនជាងគេ ចំនួន៥៦មេដាយ ក្នុងនោះមាស៣៦ ប្រាក់១៧ និងសំរឹទ្ធ៣។
បើតាមការអះអាងរបស់លោក ធីណា ប្រទេសចូលរួមប្រកួត បានសរសើរពីសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ដែលមានវ័យក្មេង អាយុក្រោម១៨ឆ្នាំ ប៉ុន្ដែសមត្ថភាពខ្លាំង។ ដោយឡែក ប្រទេសដែលកីឡាករ-កីឡាការិនីមានកម្រិតប្រកួតប្រជែង និងមានសមត្ថភាពខ្លាំង ប្រហាក់ប្រហែលកម្ពុជា គឺជាម្ចាស់ផ្ទះថៃ។
«ចំពោះលទ្ធផល នៃការចូលរួមរបស់កីឡាករកម្ពុជា យើងឃើញថាលើសពីការរំពឹងទុក គឺជោគជ័យច្រើន។ ពីដំបូង យើងគ្រាន់តែសង្ឃឹមថា ឲ្យតែបានមេដាយមាស ២-៣ គឺយើងគ្រាន់បើហើយ ប៉ុន្ដែដល់តែពេលភាពជាក់ស្ដែង ក្នុងការប្រកួតនៅលើបច្ចេកទេសខ្លះ គឺយើងនៅលើគេដែរ។ ក្នុងចំណោម ១២ប្រទេសនេះ យើងជួបការលំបាកតែជាមួយម្ចាស់ផ្ទះទេ។ ប្រទេសនីមួយៗ សរសើរពីកម្ពុជាយើង មានក្មេងតូចៗ នៅក្នុងការប្រកួត ពួកគេទទួលបានលទ្ធផលល្អ។»។ លោក ធីណា បាននិយាយប្រាប់ដូច្នេះ។
នេះ ជាលើកដំបូង ដែលកីឡាករ-កីឡាការិនីកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក កីឡាហាប់គីដូ។ លោក គង់ ចាន់ធីណា ធ្លាប់បារម្ភចំពោះការត្រៀមខ្លួន ចូលរួមប្រកួតរបស់កីឡាករ -កីឡាការិនីកម្ពុជា ដោយសារតែមិនមានបទពិសោធន៍លើឆាកអន្ដរជាតិពីមុនមក។ អគ្គលេខាធិការរូបនេះ តាំងចិត្តថា នឹងត្រៀមខ្លួនឲ្យបានល្អជាងនេះ សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ក្រោយៗទៀត។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាហាប់គីដូជើងឯកពិភពលោក (World I.H.F Hakido Championships) ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១-៤ ខែសីហា ដោយមាន១២ប្រទេសចូលរួម ក្នុងនោះមានថៃជាម្ចាស់ផ្ទះ កម្ពុជា អូស្ដ្រាលី កូឡុំប៊ី អាល្លឺម៉ង់ ឥណ្ឌា អ៊ីរ៉ង ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ និងសហរដ្ឋអាម៉េរិក។ សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបញ្ជូនប្រតិភូកីឡាសរុប ២៣នាក់ ក្នុងនោះកីឡាករ ១១នាក់ កីឡាការិនី ៨នាក់ ប្រតិភូដឹកនាំ និងគ្រូបង្វឹកចំនួន៤នាក់ ចូលរួមក្នុងព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី១-៤ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសថៃ៕