កីឡាករប៉ារ៉ាឡាំពិក ដែលមានឈ្មោះហៅខ្លីថា Mehrzad ត្រូវបានគេដឹងថាបានដេកសម្រាក់ផ្ទាល់ទៅនឹងឥដ្ឋការ៉ូ ស្ថិតក្នុងទីតាំងស្នាក់នៅរបស់ក្រុមអត្តពលិក នាទីក្រុងប៉ារីស ព្រោះតែកម្ពស់របស់គេខ្ពស់ដល់ទៅ ២,៤៧ម៉ែត្រ ហើយមិនមានគ្រែដេកសមរម្យ តម្រូវសម្រាប់រូបគេ។
បើតាមសម្តីរបស់គ្រូបង្វឹក លោក Hadi Rezaeigarkani កីឡាករ Mehrzad បានប្រើពេលវេលា ២ ទៅ ៣ថ្ងៃ ស្ថិតក្នុងទីក្រុងប៉ារីស ដោយដេកផ្ទាល់ទៅនឹងឥដ្ឋ ខណៈអត្តពលិករូបនេះ ក៏ត្រូវការទីកន្លែងសម្រាក់ឱ្យសមរម្យ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាប៉ារ៉ាបាល់ទះ។
គ្រូបង្វឹករបស់ Mehrzad ក៏និយាយប្រាប់គេហទំព័រកីឡាអូឡាំពិកថា កាលពីប្រកួតនៅក្នុងទីក្រុងតូក្យូ អ្នករៀបចំបានរៀបចំគ្រែដេកពិសេសមួយសម្រាប់អត្តពលិកដែលមានកម្ពស់ខ្ពស់រូបនេះ សម្រាប់សម្រាក ប៉ុន្តែនៅការប្រកួតទីក្រុងប៉ារីស រូបគេគឺដេកផ្ទាល់ទៅនឹងឥដ្ឋការ៉ូ។ «អំឡុងការប្រកួតក្នុងទីក្រុងតូក្យូ ពិតណាស់ ពួកបានបង្កើតគ្រែដេកដ៏ពិសេសមួយសម្រាប់រូបគេ ប៉ុន្តែអកុសលនៅទីនេះគ្មាននោះទេ រូបគេបានដេកផ្ទាល់ទៅនឹងឥដ្ឋការ៉ូ។»។ នេះបើតាមសម្តីរបស់គ្រូបង្វឹកប្រាប់ទៅគេហទំព័រ Olympics.com។
តាមរយៈការចុះផ្សាយរបស់កាសែត BBC ថ្ងៃទី៣ ខែកញ្ញា កីឡាករ Mehrzad ទទួលបានគ្រែដេកដ៏សមរម្យទៅនឹងកម្ពស់របស់គេហើយ ពីសំណាក់អ្នករៀបចំការប្រកួត។
ដោយឡែកកីឡាករ Morteza Mehrzadselakjani ក៏ជាបុរស និងបុគ្គលទី២ ដែលបានបំបែកកំណត់ត្រាជាបុរសមានកម្ពស់ជាងគេលើពិភពលោក ហើយបុរសដែលមានកម្ពស់ខ្ពស់ជាងគេគឺពិភពលោក Sultan Kosan មានកម្ពស់ ២,៥១ម៉ែត្រ។
កាលពីឆ្នាំ ២០១៦ Mehrzad ទៀតសោត បានក្លាយជាអត្តពលិកមានកម្ពស់ខ្ពស់ជាងគេបង្អស់ បានចូលរួមការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក និងបានជួយដល់អ៊ីរ៉ង់ឈ្នះមេដាយមាសកីឡាប៉ារ៉ាបាល់ទះអង្គុយថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ នៅការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ Mehrzad និងក្រុមបានការពារតំណែងមេដាយមាសដដែល។
ថ្លែងប្រាប់ក្នុងកិច្ចសម្ភាសជាមួយនឹងកាសែត Telegraph អត្តពលិក Mehrzad បាននិយាយថារូបគេបានតាំងចិត្តយ៉ាងមុតមាំ ក្នុងការប្រជែងយកមេដាយមាសទី៣ សម្រាប់ប្រទេសអ៊ីរ៉ង់៕