Gavi បាត់មុខ ១១ខែ បានជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ អំឡុងពេលបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ នៅការប្រកួតវគ្គជម្រុះ Euro 2024 ទល់នឹងក្រុមហ្សកហ្ស៊ី កាលពីឆ្នាំ ២០២៣ ហើយរូបគេក៏បានសម្រាកពីការប្រកួតសឹងតែមួយរដូវកាលពេញ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ វ័យ២០ឆ្នាំ ក៏ខកខានជួយក្រុមអេស្ប៉ាញ អំឡុងពេលប្រកួតរហូតគ្រងជើងឯកពានរង្វាន់ Euro 2024។
លេងនៅក្នុងជម្រើស ១១នាក់ដំបូង និងជាការបង្ហាញខ្លួនឡើងវិញ Gavi នៅតែអាចបង្ហាញភាពភ្ញាក់ផ្អើលសម្រាប់ក្រុម ដោយសហការគ្នាយ៉ាងល្អជាមួយមិត្តរួមអាជីព Lamine Yamal ដោយក្នុងនោះនៅនាទី២៨ ខ្សែបម្រើវ័យ ២០ឆ្នាំ អាចស៊ុតបាល់បញ្ចូលទី១គ្រាប់។ ៤គ្រាប់ ផ្សេងទៀតធ្វើបានដោយកីឡាករ ខ្សែប្រយុទ្ធ Robert Lewandowski នាទី២៤, ៣៩ និង Pablo Torre នៅនាទី៨២ និង ៨៨ ចំណែក ១គ្រាប់របស់ក្រុម Sevilla រកបានដោយកីឡាករ Idumbo-Muzambo នាទី៨៧។
ក្រោយពេលវិលត្រឡប់ជួយក្រុម និងថែមទាំងស៊ុតបាល់បញ្ចូលទីលើកដំបូងក្នុងរដូវកាលថ្មី Gavi បង្ហាញអារម្មណ៍រំភើបខ្លាំង និងថារូបគេពិតជាសំណាង ដែលនៅតែមានសមត្ថភាពលេងបានល្អ។
ឈ្នះការប្រកួតនៅក្នុងកីឡដ្ឋាន Lluis Companys Olympic ទឹកដីបណ្តោអាសន្នរបស់ក្រុម Barcelona បានធ្វើឱ្យក្រុមរហស្សនាមអ្នកមានបុណ្យ បន្តនាំមុខកំពូលតារាងក្របខណ្ឌ La Liga ជាមួយនឹងចំនួន ២៧ពិន្ទុ និងនាំមុខមានគម្លាត ៣ពិន្ទុ ពីក្រុមលេខ ២ Real Madrid រួមទាំងមានគម្លាត ៧ពិន្ទុ ពីក្រុមលេខ ៣ Atletico Madrid។
ការប្រកួតបន្ទាប់ក្រុម Barcelona នឹងត្រូវត្រៀមខ្លួនប្រកួតប្រជែងពានរង្វាន់ UEFA Champions League ទល់នឹងក្រុមជើងខ្លាំងអាល្លឺម៉ង់ ថ្ងៃទី២៣ ខែតុលា ហើយបន្ទាប់មកទៀតក៏នឹងត្រូវប្រកួតប្រជែងទល់នឹងគូប្រកួតដ៏ខ្លាំងក្នុងប្រទេសអេស្ប៉ាញ Real Madrid សម្រាប់ជំនួប La Liga ថ្ងៃទី២៦ តុលា៕