អ្នកចាំទី Manuel Neuer ប្រធានក្រុម Bayern Munich រងពិន័យចំនួន ២ប្រកួត នៅក្នុងពានរង្វាន់ German Cup បន្ទាប់ពីបានប៉ះទង្គិចគ្នាជាមួយនឹងកីឡាករក្រុម Bayer Leverkusen ក្នុងជំនួបចាញ់ក្នុងលទ្ធផល ១-០ ថ្ងៃទី៥ ខែធ្នូ។ ការដាក់ពិន័យនេះ ដោយសារហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) ចាត់ទុកថាជាការបង្ហាញអាកប្បកិរិយារបស់ Neuer មិនត្រឹមត្រូវក្នុងកីឡា។
អតីតអ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់ វ័យ ៣៨ឆ្នាំ បានទទួលកាតក្រហមក្នុងការប្រកួតលើកដំបូងរបស់ខ្លួន នៅក្នុងពេលជិត ២ទសវត្សរ៍ បន្ទាប់ពីរូបគេបានរត់ទៅរារាំងកីឡាករ Jeremie Frimpong ក្រៅតំបន់ប្រអប់គ្រោះថ្នាក់ ពេលដែលកីឡាករក្រុម Bayer Leverkusen កំពុងព្យាយាមអូសបាល់រត់សំដៅទៅស៊ុតសំណាញ់ទី។
ក្រោយពីការប៉ះទង្គិចនោះ Neuer ភ្លាមៗត្រូវបានមន្ត្រីអាជ្ញាកណ្តាលការប្រកួតផ្តល់កាតក្រហមបណ្តេញចេញតែម្តង នៅត្រឹមនាទី១៧ នៃការប្រកួត ដែលចាញ់ក្រោមថ្វីជើងក្រុម Bayer Leverkusen។
សេចក្តីប្រកាសរបស់សហព័ន្ធ (DFB) បានសរសេរដូច្នេះថា៖«Neuer នឹងត្រូវបានហាមឃាតតែម្តងពីក្លិប និងការប្រកួតពានរង្វាន់ German Cup ចំនួន ២ប្រកួត។»។
ទោះយ៉ាងណា ការដាក់បម្រាមលើអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ គឺគ្រាន់តែនៅក្នុងកម្រិតពានរង្វាន់ German Cup តែប៉ុណ្ណោះ ខណៈបច្ចុប្បន្នទៀតសោត Bayern ក៏បានធ្លាក់ចេញពីពានរង្វាន់មួយនេះរួចទៅហើយ។ ដោយក្រុមធ្លាក់ចេញពីការប្រកួតទៅហើយ ដូច្នេះ Neuer ក៏នឹងមិនទាន់អាចរងពិន័យនេះភ្លាមៗបាននៅឡើយ រហូតទាល់តែចូលដល់រដូវកាលថ្មី។
ដោយឡែកសម្រាប់ទំនាក់ទំនងរបស់ Neuer ជាមួយនឹងក្រុម Bayern Munich វិញ រូបគេបច្ចុប្បន្ននៅសល់កិច្ចសន្យាត្រឹមតែ ១ឆ្នាំ ប៉ុណ្ណោះ ដោយកិច្ចសន្យានោះត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាល។ Neuer ក៏នៅមិនទាន់បានបង្ហាញអំពីគោលបំណងច្បាស់លាស់របស់គេ ថានឹងត្រូវបន្តលេងឱ្យក្រុម ឬក៏សម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ទាំងនៅក្លិប ឬក្រុមជម្រើសជាតិតែម្តង។ ប្រសិនបើ Neuer បញ្ចប់អាជីពនោះរូបគេនឹងមិនទទួលការដាក់បម្រាមក្នុងពាន German Cup នៅរដូវកាលក្រោយឡើយ៕