អ្នកចាត់ការក្រុម Barcelona លោក Xavi ថ្មីៗនេះ បានចេញមុខច្រានចោលជុំវិញពាក្យចចាមរ៉ាមថា Ansu Fati អាចនឹងផ្ទេរទៅចូលរួមជាមួយក្រុមគូប្រជែង Real Madrid នៅទីផ្សាររដូវក្តៅនេះ។ ជាក់ស្តែង អនាគតរបស់កីឡាករវ័យ ២០ ឆ្នាំរូបនេះ ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង នៅពេលដែលក្លិប Barca កំពុងព្យាយាមរក្សាតុល្យភាពហិរញ្ញវត្ថុរបស់ខ្លួន តាមរយ:ការលក់កីឡាករ ដើម្បីចុះឈ្មោះជម្រើសថ្មី ចូលក្រុមបន្ថែមទៀត។
ហើយមិនតែប៉ុណ្ណោះ បើតាម 90min បានបង្ហាញនៅក្នុងខែឧសភា ថា Barca បានប្រាប់ Fati ថាគេអាចចាកចេញពីក្លិបពេល ពោលចំពេលកំពុងមានការចាប់អារម្មណ៍ពី Manchester United, Arsenal ឬ Chelsea ជាដើម។
ហើយរហូតមកដល់ពេលនេះ Fati នៅតែអាចចាកចេញពក្លិប Barcelona ប្រសិនបើពួកគេទទួលបានសំណើសមរម្យណាមួយនោះ ប៉ុន្តែយ៉ាងណាក៏ដោយ Real Madrid នឹងមិនមែនជាគោលដៅជាដាច់ខាត ស្របពេល Xavi ក៏បានចេញមុខបដិសេធឱកាសក្នុងការផ្ទេរទៅកាន់ទឹកដី Bernabeu នេះផងដែរ។
មិនតែប៉ុណ្ណោះ លោក Xavi បាននិយាយថា៖ ” តើនេះជាការលេងសើចមែនទេ? ខ្ញុំបាននិយាយចំៗអំពីអនាគតរបស់ Ansu រួចហើយ។ ការជជែកវែកញែកត្រូវបានបង្កើតឡើង ដោយមិនសមហេតុផល។ Ansu គឺជាកីឡាករសំខាន់ម្នាក់ និងជាផ្នែកមួយនៃក្លិបរបស់យើង និងនាពេលអនាគត ” ៕