អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍មកថា កំពុងជំរុញឱ្យថ្នាក់ដឹកនាំក្លិបរបស់ខ្លួន ធ្វើការចុះហត្ថលេខានាំយកកីឡាករមកបន្ថែមទៀត មុនពេលទីផ្សារដោះដូរបិទទ្វារវិញ។
ជាក់ស្តែង បើតាមការចុះផ្សាយពីគេហទំព័រ Football Insider បានបង្ហាញឱយដឹងថាគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ចង់នាំយកជម្រើសខែ្សការពារ និងខ្សែបម្រើថ្មី មុនពេលទីផ្សារត្រូវបិទទ្វារវិញ នៅថ្ងៃទី ១ ខែកញ្ញាខាងមុខ។ គួរឱ្យដឹងថា Man United ហាក់មានភាពមមាញឹកខ្លាំង នៅក្នុងទីផ្សារដោះដូរបច្ចុប្បន្ន ដោយបានចំណាយ ១៥០លានផោន រួចទៅហើយ លើការផ្ទេរចូលកីឡាករ ដោយក្នុងនោះរួមមាន Rasmund Hojlund, Mason Mount និង Andre Onana ។
ហើយជាមួយនឹងសល់រយ:ពេលមិនយូរទៀតនោះ នៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ គ្រូបង្វឹកលោក Ten Hag ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ក្នុងការបន្ថែមជម្រើសថ្មីទៀត ដោយក្នុងនោះតំបន់បម្រើ និងការពារ គឺស្ថិតនៅក្នុងគោលដៅអាទិភាព៕