អតីតកីឡាកររបស់ Celtic, Jota ត្រូវបានរាយការណ៍ថា បានត្រៀមខ្លួនដើម្បីចាកចេញពីក្លិប Al-Ittihad ក្រោយចូលរួមរយៈពេលមួយខែប៉ុណ្ណោះ។ កីឡាករវ័យ២៤ឆ្នាំ បានចូលរួមក្លិបនៃក្របខណ្ឌកំពូលអារ៉ាប៊ី សាអ៊ូឌីត ក្នុងតម្លៃ២៥លានផោន កាលពីពេលចាប់ផ្ដើមទីផ្សារ ប៉ុន្ដែអ្នកចាត់ការ Nuno Espirito Santo បានដាក់រូបគេនៅកៅអីបម្រុង ពីរប្រកួតដំបូងនៅក្នុងលីគ។
យោងតាមប្រភពពីអ្នកសារព័ត៌មានអារ៉ាប៊ី សាអ៊ូឌីត Muhammad Al-Bakiri បានឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ក្លិប Al-Ittihad បានសម្រេចចិត្តថា Jota មិនមែនជាកីឡាករដែលត្រូវនឹងការលេងក្នុងក្រុមនេះទេ ហើយក្លិបចង់ឱ្យរូបគេចាកចេញ។
មានការរាយការណ៍ថា Jota អាចនឹងចាកចេញទៅក្លិប Al-Shabab ក្រោមកិច្ចសន្យាខ្ចីជើង ប៉ុន្ដែអ្នកគាំទ្ររបស់ក្លិប Tottenham Hotspur នៅលើបណ្ដាញសង្គមបានទទូចឱ្យ អតីតអ្នកចាត់ការ Celtic លោក Ange Postecoglu នាំយករូបគេមកចូលក្រុមថ្មីរបស់លោក៕