ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool និងកីឡាករ Kevin De Bruyne របស់ក្រុម Manchester City ត្រូវបានគេរាយការណ៍មកថា កំពុងក្លាយជាគោលដៅកំពូល សម្រាប់លីគ Saudi Pro League សម្រាប់រដូវក្តៅឆ្នាំក្រោយ។
ជាក់ស្តែង បន្ទាប់ពីការមកដល់របស់ Cristiano Ronaldo មកកាន់ក្លិប Al-Nassr មក គេបានឃើញថាកីឡាករកំពូលៗជាច្រើនទៀត ដូចជា Neymar, Karim Benzema, N’Golo Kante, Fabinho, Sadio Mane, Kalidou Koulibaly, Riyad Mahrez និង Gabri Veiga ក៏បានដើរតាមគន្លងរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ ដើម្បីផ្លាស់មកកាន់ទឹកដីមជ្ឈឹមបូព៌ា ផងដែរ។
ហើយយ៉ាងណាមិញ ជុំវិញការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យ Saudi Pro League ក្លាយជាការលីគមានការប្រកួតបំផុត យោងតាម talkSPORT អះអាងថាប្រធានលីគរបស់អារ៉ាប៊ីសាអូឌីត បានកំណត់យក Salah និង De Bruyne ជាគោលដៅអាទិភាពរបស់ពួកគេ សម្រាប់រដូវក្តៅក្រោយ។
ជម្រាបជូនផងដែរថា សម្រាប់ Salah ធ្លាប់បានក្លាយជាប្រធានបទដ៏សំខាន់ ជុំវិញការផ្ទេរទៅមកកាន់ក្លិប Al-Ittihad ក្នុងអំឡុងពេលចុងក្រោយនៃទីផ្សារដោះដូរកីឡាករ រដូវក្តៅនេះ ប៉ុន្តែយ៉ាងណាក៏ដោយ ក្លិប Liverpool បានបដិសេធមិនព្រមលក់ចេញនោះឡើយ បើទោះទទួលបានសំណើដល់ទៅ ១៥០លានផោនក្តី៕