ស្ថានភាពរបស់កីឡាករ Jadon Sancho ជាមួយក្លឹប Manchester United ដែលកើតភាពរកាំរកូសរវាងអ្នកចាត់ការលោក Erik ten Hag ត្រូវបានមើលឃើញ ថាមិនជាដោះស្រាយកើតនោះទេ នេះមានតែទៅមុខ បង្ខំចិត្តឲ្យខ្សែប្រយុទ្ធអង់គ្លេសឈានដល់ផ្លូវបែក។
យ៉ាងណាវាមិនមែនជាការលក់ផ្តាច់ចេញពីសំណាក់ក្លឹប ផ្ទុយទៅវិញ ចេតនារបស់ម្ចាស់ដី Old Trafford ចង់បើកផ្លូវឲ្យ Sancho ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង នេះតាមដំណឹងចុងក្រោយពីអ្នករាយការណ៍របស់ Sky Sports Germany លោក Florian Plattenberg បញ្ជាក់ គេហាក់ទទួលបានចម្លើយនៃការចាកចេញពេលខាងមុខហើយ។
ទាំងក្លឹបទាំងកីឡាករបានដឹងច្បាស់ដូចគ្នា ហើយខាងក្លឹបចាស់ Borussia Dortmund ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Edin Terzic ទំនងជាចាប់អារម្មណ៍ឱកាសសារនេះ តែក៏ត្រូវប្រាកដធានាពេលវេលាសម្រាប់ Sancho ដ្បិតអីសាមីខ្លួនចង់ទទួលបានពេលវេលាជាប់លាប់ ១០០ ភាគរយលើទីលានប្រកួត។
រំឭកឲ្យដឹងថា មុនផ្ទេរមក United បុរសវ័យ ២៣ ឆ្នាំ ក៏ធ្លាប់ជាតារារះនៅទ្រនំចាស់ក្នុងដីអាល្លឺម៉ង់ ចាំបានស្ថិតិពេលនោះ ១៣៧ ប្រកួត ក៏គេអាចរកបានដល់ទៅ ៥០ គ្រាប់ និង Assists ៦៤ លើកផងដែរ។ តម្លៃខ្លួនពី ៨៥ លានអឺរ៉ូ ឥឡូវធ្លាក់មកត្រឹម ៤៥ លានអឺរ៉ូខ្ពស់បំផុត៕