ថ្មីៗនេះ នាយកក្លិប Bayern Leverkusen លោក Simon Rolfes បានចេញមុខច្រានចោលជុំវិញពាក្យចចាមអារ៉ាមទាំងឡាយ ដែលបាននិយាយថា គ្រូបង្វឹករបស់ខ្លួន គឺលោក Xabi Alonso នឹងទៅដឹកនាំក្រុម Real Madrid នៅរដូវកាលក្រោយ។
ជាក់ស្តែងបុរសវ័យ ៤១ ឆ្នាំរូបនេះ ត្រូវបានគេជឿថាជាបេក្ខជននាំមុខគេមួយរូប ដើម្បីទៅស្នងតំណែងលោក Carlo Ancelotti ដែលត្រូវបានគេរំពឹងយ៉ាងទុកខ្ពស់ថានឹងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល នៅរដូវក្តៅឆ្នាំ ២០២៤ ខាងមុខ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយផ្ទេរទៅកាន់ក្លិបនៅអេស្ប៉ាញ ក្នុងឆ្នាំ ២០២៤ ខាងមុខ ហាក់ទំនងមិនអាចកើតមានឡើងនោះឡើយ ខណៈពេលដែលនាយកក្លិបប Leverkusen លោក Rolfes បានទទូចថា Alonso កំពុងមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តធ្វើការឱ្យក្លិបនៅ Bundesliga ។
ដោយថ្លែងទៅកាន់អ្នកសារព័ត៌មានតាមរយៈ Mundo Deportivo លោក Rolfes បាននិយាយថា ៖ “យើងបានទទួលការប្តេជ្ញាចិត្តពេញលេញពីសំណាក់លោក Alonso កាលពីប៉ុន្មានសប្តាហ៍មុន នៅពេលដែលគាត់បានបន្តកុងត្រាថ្មីជាមួយក្លិប។ Xabi មិនចាំបាច់ត្រូវនិយាយអ្វីច្រើនទេ។ គាត់បានបន្តកុងត្រារបស់គាត់ហើយ។ គាត់ផ្តោតអារម្មណ៍នៅទីនេះទាំងស្រុង ” ៕