ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា នឹងត្រូវប្រកួតជាមួយជម្រើសជាតិបាល់ទាត់នារីឡាវនៅថ្ងៃស្អែកពេលម៉ោង៧:០០នាទីនៅកីឡដ្ឋាន RSN ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។
កម្ពុជាស្ថិតក្នុងពូល B រួមជាមួយប្រទេសថៃ សិង្ហបុរី និងឡាវ ហើយនេះក៏ជាការប្រកួតបើកឆាកដំបូងសម្រាប់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាផងដែរសម្រាប់វគ្គសន្សំពិន្ទុ។ មុនការប្រកួតស៊ីហ្គេមចាប់ផ្ដើម ក្រុមកម្ពុជាបានប្រមូលផ្ដុំហ្វឹកហាត់នៅប្រទេសចិនមួយរយៈធំ និងបានលេងជាច្រើនប្រកួតទៀតផង។

ក្នុងសន្និសីទកាសែតកាលពីព្រឹកមិញលោក Gao Fulin ដែលជាគ្រូជម្រើសជាតិបាល់ទាត់នារីកម្ពុជាបាននិយាយថា ក្រុមកម្ពុជាបានហ្វឹកហាត់នៅប្រទេសចិនអស់រយៈពេល៦ខែ ហើយអំឡុងពេលនោះកីឡាការិនីទាំងអស់មានការរីកចម្រើនជាងខ្លាំង។ ជាពិសេសបានលេងជាង២០ប្រកួតទៀតផង។យ៉ាងណាមិញ ក្នុងបញ្ជីចុងក្រោយត្រៀមលេងស៊ីហ្គេមលើកទី៣២នេះ លោក Gao Fulin បានចម្រុះកីឡាការីសល់ត្រឹម២០នាក់ ហើយក៏មានការកោះហៅកីឡាការិនីពីអាមេរិកនិងកាណាដាមកផងដែរ។ លោកសង្ឃឹមថា ការហ្វឹកហាត់នៅប្រទេសចិនកន្លងមក កីឡាការិនីទាំងអស់នឹងអាចធ្វើបានលទ្ធផលល្អជូនកម្ពុជា។

ក្រោយពីបានឮក្រុមកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន និងលេងជាច្រើនប្រកួតនៅទីនោះ គ្រូជម្រើសជាតិឡាវលោក Mohammad Herman B Zailani បានបង្ហាញទឹកមុខភ្ញាក់ផ្អើលជាខ្លាំង តែរំពឹងក្រុមខ្លួននឹងធ្វើបានល្អ។ លោក គិតថាថ្ងៃស្អែកជាសម្ពាធរបស់កម្ពុជាក៏ថាបាន ព្រោះថាពួកគេមានអ្នកគាំទ្រផ្ទាល់ច្រើន ប៉ុន្តែបើកមិនអាចយកឈ្នះឡាវទេនោះនឹងកើតជាបញ្ហា ដោយសារកម្ពុជាបានត្រៀមខ្លួនដល់ទៅ៦ខែទៅហើយ។