ថ្មីៗនេះ ជើងចាស់លោក Rio Ferdinand បានធ្វើការជំរុញឱ្យក្លិបបិសាចក្រហម Manchester United ពង្រឹងតំបន់ការពាររបស់ពួកគេបន្ថែមទៀត ជាមួយនឹងការចុះហត្ថលេខាលើកីឡាករ Kevin Danso និង Ronald Araujo ។

ជាការពិតណាស់ក្លិប Man United បានចំណាយលុយមិនតិចនោះទេ លើតំបន់ការពាររបស់ក្រុមក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ Raphael Varane និង Lisandro Martinez សុទ្ធសឹងតែមានបញ្ហារបួស ដែលនឹងត្រូវសម្រាករយ:ពេលយូរ ហើយនេះមានន័យថា Erik ten Hag ទំនងជាអាចនឹងចូលក្នុងទីផ្សារឡើងវិញ។
ជុំវិញស្ថានភាពនេះ លោក Ferdinand ជឿជាក់ថាការជ្រើសរើសខ្សែការពារដែលមានថាមពលខ្លាំង គឺនឹងអាចនាំយកក្រុម United ទៅកាន់កម្រិតបន្ទាប់ទៀតបាន ដោយលោកកំពុងមានជម្រើសក្នុងចិត្តរួមហើយ ជាមួយ Danso និង Araujo ។

មិនតែប៉ុណ្ណោះ បុរសសញ្ជាតិអង់គ្លេស បាននិយាយទៀតថា ៖ ” Danso ក្មេងប្រុសនៅ Lens គាត់ជាកីឡាករល្អខ្លាំងណាស់។ ហើយ Araujo ដែលនៅ Barcelona ក៏អស្ចារ្យផងដែរ។ ពួកគេជាខ្សែការពារកណ្តាលយ៉ាងពិតប្រាកដ។ ពួកគេមានគុណលក្ខណៈគ្រប់បែបយ៉ាង ដែលល្អឥតខ្ចោះសម្រាប់ Premier League “ ៕