អតីតគ្រូបង្វឹករបស់ក្លិប Wovles លោក Nuno Espirito Santo ក្លិបអារ៉ាប៊ីសាអូឌីត Al-Ittihad ប្រកាសបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្រុមហើយ ក្រោយដឹកនាំមិនទទួលបានលទ្ធផលល្អ។
ជាការពិតណាស់ ក្នុងរដូវកាលដំបូង លោក Nuno បានដឹកនាំ Al-Ittihad ឱ្យឈ្នះជើងឯក Saudi Pro League ដោយបញ្ចប់ការរង់ចាំរយៈពេល ១៤ ឆ្នាំ សម្រាប់ពានរង្វាន់កំពូលមួយនេះ។
តែទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាក្លិបបាននំាចូលកីឡាករកំពូលដូចជា Fabinho, N’Golo Kante និង Karim Benzema ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅក៏ដោយ ក៏ក្រុមនេះ ហាក់ដូចជាធ្លាក់ទម្រង់ខ្លាំង បើធៀបទៅនឹងរដូវកាលមុន។
បច្ចុប្បន្ន Al-Ittihad មាន ១១ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Al-Hilal ក្នុងលីគ Saudi Pro League ដោយរកបានត្រឹម ២១ ពិន្ទុ ពីការប្រកួតចំនួន ១២ លើក ឈរក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងតារាងលីគ។
ដោយសារតែលទ្ធផលមិនគាប់ប្រសើនេះហើយ ទើបក្លិបសម្រេចចិត្តបណ្តេញ អតីតអ្នកចាត់ការរបស់ក្លិប Wolverhampton Wanderers និង Tottenham Hotspurចេញពីតំណែងតែម្តង ។
សេចក្តីថ្លែងការណ៍របស់ក្លឹបបានសរសេរថា “ក្លឹបបានប្រកាសពីការបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Nuno Santo ។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានការវាយតម្លៃបច្ចេកទេសក្នុងដំណាក់កាលកន្លងមក អំឡុងពេលដែលគាត់ទទួលបន្ទុកដឹកនាំក្រុម” ៕