Sunday, June 22, 2025
[the_ad_group id="102"]

អ្នកវាយកូនបាល់ Novak Djokovic ថា ខ្លួនមានភាពធូរស្រាល ក្រោយធានាចំណាត់ថ្នាក់លេខ១ពិភពលោករហូតដល់ចប់ឆ្នាំ២០២៣

កីឡាករស៊ែប Novak Djokovic នឹងបញ្ចប់ឆ្នាំ ២០២៣ ក្នុងនាមជាកីឡាករវាយកូនបាល់លេខ១ពិភពលោក និងជាលើកទី៨ នៅក្នុងអាជីព បន្ទាប់ពីរូបគេបានយកឈ្នះលើកីឡាករដាណឺម៉ាក Holger Rune ក្នុងការប្រកួតកម្មវិធី ATP Finals 2023 នាទីក្រុង Turin ប្រទេសអ៊ីតាលី។

កីឡាករចំណាត់លេខ១ពិភពលោក ម្ចាស់ជើងឯក Grand Slam ២៤សម័យកាលរូបនេះ បានយកឈ្នះកីឡាករ Holger Rune វ័យ២០ឆ្នាំ យ៉ាងតានតឹង លទ្ធផល ៧-៦ ៦-៧ និង ៦-៣ នៅក្នុងការប្រកួតបើកឆាកពូល Green Group នៃព្រឹត្តិការណ៍ ATP Finals 2023 ដែលជាការប្រកួតបញ្ចប់រដូវកាលកីឡាវាយកូនបាល់ផ្នែកបុរស ខណៈជ័យជម្នះនោះ បានពង្រីកការឈ្នះរបស់ Djokovic រហូតដល់១៩ប្រកួតជាប់ៗគ្នា។

ឈ្នះការប្រកួត និង ធានាចំណាត់ថ្នាក់លេខ១ពិភពលោករហូតដល់ចប់ឆ្នាំ២០២៣ នេះ Djokovic បានបង្ហាញពីភាពរីករាយនិងភាពធូរស្រាលរបស់ខ្លួន និងថា នេះជាភាពជោគជ័យមួយទៀតនៅក្នុងអាជីពរបស់គេ។

កីឡាករវ័យ ៣៦ឆ្នាំ បានថ្លែងអោយដឹងដូច្នេះថា៖ “វាជាជ័យជម្នះដ៏ធំមួយ ហើយវាមានអត្ថន័យខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំមានមោទកភាពដែលខ្ញុំអាចធ្វើវាបាន។ ដំបូងឡើយ ខ្ញុំមានភាពតានតឹងខ្លះដែរ ប៉ុន្តែពេលនេះ ខ្ញុំមានភាពធូរស្រាលហើយ ដែលខ្ញុំអាចធានាចំណាត់ថ្នាក់កំពូលសម្រាប់ឆ្នាំនេះ។”

Djokovic បានឈ្នះជើងឯក Grand Slam ចំនួន៣នៅក្នុងឆ្នាំនេះ ដើម្បីក្លាយជាម្ចាស់កំណត់ត្រាឈ្នះ Grand Slam ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកីឡាវាយកូនបាល់ ពោលគឺចំនួន ២៤សម័យកាល។ Djokovic កំពុងស្ថិតលើដំណើរសម្រាប់ការឈ្នះជើងឯក ATP Finals ជាលើកទី៧របស់ខ្លួន ដើម្បីក្លាយជាម្ចាស់កំណត់ត្រាឈ្នះជើងឯកព្រឹត្តិការណ៍នេះច្រើនជាងគេ ខណៈបច្ចុប្បន្នរូបគេកំពុងស្មើកំណត់ត្រាជាមួយកីឡាករស្វីស Roger Federer ។

សូមបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍ ATP Finals បញ្ចប់រដូវកាលកីឡាវាយកូនបាល់ មានការចូលរួមពីកីឡាករល្អបំផុតប្រចាំឆ្នាំចំនួន៨រូប ដោយត្រូវចែកចេញជា២ពូល គឺពូល Green Group និង Red Group ដោយនៅក្នុង១ពូលមាន៤រូប ហើយកីឡាករកំពូល២រូបក្នុងពូលនីមួយៗ ត្រូវបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]