ក្លឹប Chelsea មានគម្រោងក្នុងការនាំចូលកីឡាករបន្ថែមមកពង្រឹងក្រុមនៅក្នុងទីផ្សារខ្សែមករា ដោយពួកគេកំពុងស្ថិតនៅក្នុងការលំបាកនារដូវកាលនេះ។
ក្រុមដឹកនាំដោយលោក Mauricio Pochettino ត្រូវការសមាជិកថ្មីមកបន្ថែម ស្របពេលពួកគេបានជួបនឹងការលំបាកដោយសាររបួសកីឡាករ ទើបប្រឈមនឹងបរាជ័យជាច្រើនប្រកួតកន្លងមក។
ហើយនៅពេលដែលមើលឃើញថា អស់ឱកាសក្នុងការនាំយក Victor Osimhen ដែលទើបបន្ដកិច្ចសន្យាថ្មីជាមួយ Napoli, ក្លឹបតោខៀវបានសម្លឹងឃើញ កីឡាករពីររូបនៅក្លឹប Sporting Lisbon។
យោងតាមប្រភពពី Evening Standard បានរាយការណ៍ថា Chelsea ចង់នាំយកខ្សែប្រយុទ្ធ Viktor Gyokeres និងខ្សែការពារកណ្ដាល Ousmane Diomande។
កីឡាករទាំងពីររូបនេះ បានបង្ហាញសមត្ថភាពយ៉ាងល្អសម្រាប់ក្លឹបព័រទុយហ្កាល់ Sporting រដូវកាលនេះ ប៉ុន្ដែពួកគេអាចនឹងមានតម្លៃផ្ទេរសរុប ១៥៦លានផោន៕