ខ្សែការពារឆ្នើមរបស់ក្រុម Liverpool កីឡាករ Virgil van Dijk ថ្មីៗនេះ បានធ្វើការសារភាពថាអនាគតរបស់ខ្លួន ជាមួយក្លិបហាក់មិនមានភាពច្បាស់លាស់នោះឡើយ ពោលគឺក្រោយពេលអ្នកចាត់ការក្រុមលោក Jurgen Klopp បានប្រកាសថានឹងចាកចេញពីក្លិប នៅចុងបញ្ចប់រដូវកាលនេះ។
ជាការពិតណាស់ Van Dijk ត្រូវបានចុះហត្ថលេខាដោយ Klopp កាលពីក្នុងខែមករាឆ្នាំ២០១៧ ពីក្រុម Southampton ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ៧៥លានផោន ហើយចាប់តាំងពីពេលនោះមក គេបានក្លាយជាខ្សែការពារកណ្តាលល្អបំផុតម្នាក់នៅលើពិភពលោក។
មិនតែប៉ុណ្ណោះ កីឡាករសញ្ជាតិហូឡង់រូបនេះ ក៏ត្រូវបានតែងតាំងជាប្រធានក្រុម Liverpool កាលពីរដូវក្តៅមុនផងដែរ បន្ទាប់ពីការចាកចេញរបស់ Jordan Henderson ប៉ុន្តែចាប់តាំងពីពេលនោះមក ខ្សែការពាររូបនេះ បានដាក់ការសង្ស័យលើអនាគតរបស់ខ្លួន នៅ Anfield បន្ទាប់ពីការប្រកាសរបស់លោក Klopp ។
លើសពីនេះ នៅពេលសួរថាតើគេអាចនឹងបន្តលេង ក្រោយយុគសម័យរបស់ Klopp នៅ Liverpool ឬអត់នោះ ខណ: Van Dijk បាននិយាយថា ៖“នេះជាសំណួរដ៏ធំមួយ ហើយខ្ញុំមិនដឹងទេ។ ក្លិបនឹងមានការផ្លាស់ប្តូរដ៏ធំមួយ មិនត្រឹមតែអ្នកចាត់ការប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលិកទាំងមូល ហើយមានរឿងជាច្រើនដែលនឹងត្រូវផ្លាស់ប្តូរ ” ៕