ប្រធានក្របខ័ណ្ឌ La Liga លោក Javier Tebas បានបង្ហាញការជឿជាក់ថា ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ទំនងជាចាកចេញពី Paris Saint-Germain ដើម្បីផ្ទេរមកចូលរួមជាមួយ Real Madrid នៅរដូវក្តៅខាងមុខនេះ។
ជាក់ស្តែងនេះជាលើកទីពីរហើយ ក្នុងអាជីពរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង ដែលត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីក្លិបយក្សរបស់ក្របខ័ណ្ឌ Ligue 1 នៅពេលដែលកុងត្រាបច្ចុប្បន្នរបស់គេនឹងត្រូវបញ្ចប់នៅដំណាច់រដូវកាលនេះហើយ។
ជុំវិញស្ថានភាពនេះ Mbappe មានសេរីភាពក្នុងការចរចាជាមួយក្លិបបរទេសផ្សេងទៀតបាន ទាក់ទងនឹងការផ្ទេរដ៏ធំមួយ ស្របពេលទឹកដី Bernabeu នៅតែត្រូវបានគេចាត់ទុកថាជាគោលដៅដ៏មួយ របស់ខ្សែប្រយុទ្ធរូបនេះ។
យ៉ាងណាមិញ លោក Tebas ថ្មីៗនេះ បានចេញមុខនិយាយថា ក្លិប R.Madrid នៅតែមានឱកាស ច្រើនដើម្បីនាំយក Mbappe មកកាន់ក្រុមរបស់ពួកគេ និងជួយពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេបន្ថែមទៀត នៅរដូវកាលក្រោយនេះ។
លើសពីនេះ នៅក្នុងបទសម្ភាសជាមួយ Marca លោក Tebas បាននិយាយថា ៖ “ខ្ញុំគិតថាវាមានឱកាសច្រើន។ ហើយការនាំយកកីឡាករវ័យ ២៦ឆ្នាំរូបនេះ វានឹងអាស្រ័យលើ Real Madrid ខ្លួនឯង។ Madrid នៅតែគិតថាពួកគេមានជម្រើសគ្រប់គ្រាន់ហើយ ប៉ុន្តែបើសិន Mbappe ចង់មកនោះ ខ្ញុំគិតថាវានឹងមានឱកាសច្រើនជាង ៥០%” ៕