ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា កំពុងតាមស្ថានភាពយ៉ាងជិតស្និទ្ធបំផុតលើខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Bayern Munich ចំពេលដែលក្រុមម្ចាស់ជើងឯកកំពុងជួបប្រទះស្ថានភាពដ៏លំបាកនៅរដូវកាលនេះ។
ជាក់ស្តែង Kane បានបញ្ចប់ពេលវេលាស្នាក់នៅអស់រយ:ពេលជាយូរជាមួយក្លិប Tottenham Hotspur ដើម្បីផ្ទេរទៅកាន់ក្លិប Bayern កាលពីរដូវក្តៅកន្លងទៅ ហើយរហូតមកដល់ពេលនេះរូបគេអាចរកបាន ២៨រួចមកហើយ ក្នុងចំណោម ២៩ប្រកួត ជាមួយក្លិបថ្មីរបស់ខ្លួន។
ថ្វីត្បិតតែ Kane ធ្វើបានល្អក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលស្ថានភាពរបស់ក្រុម Bayern បច្ចុប្បន្នវិញ ហាក់កំពុងជួបប្រទះជាមួយនឹងភាពលំបាកយ៉ាងខ្លាំង ដោយកំពុងឈរនៅពីក្រោយក្រុមកំពូលតារាងជាច្រើនពិន្ទុ ។
លើសពីនេះ Bayern ក៏បានរងបរាជ័យ ១–០ ក្រោមស្នាដៃក្រុម Lazio ក្នុងការប្រកួតជើងទី១ នៃពានរង្វាន់ Champions League វគ្គ ១៦ក្រុមចុងក្រោយ និងថែមទាំងត្រូវធ្លាក់ចេញពីពានរង្វាន់ DFB-Pokal ថែមទៀតផង។
ជុំវិញស្ថានភាពដ៏លំបាកនេះហើយ យោងតាម Football Insider បានឱ្យដឹងថា Chelsea ហាក់កំពុងតាមលើ Kane ដោយសារតែគេហាក់ដូចជាមិនពេញចិត្តជាមួយនឹងលទ្ធផលរបស់ក្លិប Bayern ក្នុងរដូវកាលនេះឡើយ នៅពេលដែលក្រុមតោខៀវ នឹងស្វាគមន៍ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ក្នុងការវិលត្រលប់មកកាន់ Premier League វិញ៕