គ្រូបង្វឹកលោក Jurgen Klopp កាលពីពេលថ្មីៗនេះ ហាក់បានបង្ហើបប្រាប់ពីឈ្មោះអ្នកចាត់ការក្រុមម្នាក់ ដែលលោកគិតថាស័ក្តិសមបំផុត ក្នុងការមកជំនួសតំណែងរបស់ខ្លួន នៅក្នុងក្រុម Liverpool ។
ជាការពិតណាស់លោក Klopp បានធ្វើឲ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីការប្រកាសជាផ្លូវការរបស់លោក ចំពោះការចាកចេញពីក្លិបហង្សក្រហម នៅចុងបញ្ចប់រដូវកាលនេះ។
ជុំវិញស្ថានភាពនេះ បានធ្វើឲ្យអតីតខ្សែបម្រើ Liverpool លោក Xabi Alonso ក្លាយជាបេក្ខភាពចម្បងមួយ ដែលអាចមកបំពេញតំណែងនេះវិញស្របពេលលោក Robert De Zerbi និង Graham Potter ក៏ត្រូវបានគេចាត់ទុកថាជាបេក្ខភាពសំខាន់ផងដែរ។
ទន្ទឹមនឹងនេះ Alonso ដែលត្រូវបានចាត់ទុកថាជាបេក្ខភាពនាំមុខគេនោះ ហាក់កំពុងបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង នៅក្នុងការដឹកនាំក្រុមបច្ចុប្បន្នរបស់ខ្លួន ជាពិសេសកំពុងមានភាគរយច្រើនក្នុងការឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់នៅរដូវកាលនេះថែមទៀតផង។
ជុំវិញភាពលេចធ្លោនេះ លោក Klopp បាននិយាយថា ៖“ Xabi កំពុងធ្វើការដ៏អស្ចារ្យ។ ប្រសិនបើអ្នកសួរខ្ញូំថានរណានឹងស័ក្តិសមសម្រាប់តំណែងខ្ញូំបំផុត នោះច្បាស់ជា Xabi។ អ្នកជំនាន់ក្រោយ ហាក់ស្ថិតនៅទីនេះរួចហើយ។ ហើយខ្ញុំនឹងនិយាយថា Xabi កំពុងនាំមុខគេ ក្នុងការអភិវឌ្ឍបាល់ទាត់ជំនាន់នេះ“៕