ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា នឹងទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ ៣៤លានផោន សម្រាប់ខ្សែប្រយុទ្ធ Mason Greenwood នៅទីផ្សាររដូវក្តៅខាងមុខនេះ ។
ជាក់ស្តែងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ មិនបានបង្ហាញខ្លួនសម្រាប់ក្រុម Man United ចាប់តាំងពីខែមករាឆ្នាំ២០២២ មកម្លេះ បន្ទាប់ពីមានរឿងអាស្រូវ ប៉ុន្តែក្រោយមកការចោទប្រកាន់ទាំងនោះត្រូវបានដកចេញវិញ ។
ទោះបីជាការចោទប្រកាន់ត្រូវបានដោះស្រាយចេញហើយក៏ដោយ ប៉ុន្តែក្លិប Man Utd មិនបាននាំយក Greenwood មកលេងឲ្យក្រុមវិញនោះឡើយ ដោយសុខចិត្តអនុញ្ញាតឲ្យគេផ្ទេរទៅកាន់ក្លិបអេស្ប៉ាញ Getafe ក្នុងលក្ខខណ្ឌខ្ចីជើងរយ:ពេលមួយឆ្នាំ ។
គួរឲ្យដឹងថា អនាគតរបស់ Greenwood ជាមួយក្លិប Man Utd ហាក់ដូចជាត្រូវបញ្ចប់ទៅហើយ បើទោះពីជាកិច្ចសន្យាបច្ចុប្បន្នរបស់គេ កំពុងដំណើរការដល់ឆ្នាំ ២០២៥ ក្តី ស្របពេលបច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះ កំពុងត្រូវបានក្លិប At Madrid និង Barcelona បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ។
លើសពីនេះ បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Fussball News បានបង្ហាញថា Man Utd បានធ្វើការកំណត់តម្លៃខ្លួនសម្រាប់ Greenwood នៅក្នុងចំនួនប្រមាណ ៣៤លានផោន នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខនេះ៕