ខ្សែបម្រើនៃក្លឹប Barcelona គឺ Ilkay Gundogan បានជជែកពាក់ព័ន្ធនឹងមន្ទិលសង្ស័យនៃការមកដល់របស់លោក Hansi Flick ក្នុងគោលបំណងជំនួសកន្លែង Xavi Hernandez ជាអ្នកចាត់ការប្រកាសរួចរាល់ នឹងចាកចេញនៅបញ្ចប់រដូវកាលខាងមុខនេះហើយ។
កីឡាករអាល្លឺម៉ង់ ពិតជាធ្លាប់បានស្គាល់គ្រូរួមសញ្ជាតិ Flick នៅជម្រើសជាតិអស់រយៈកាលជាច្រើនឆ្នាំ ហើយថ្មីៗនេះក៏បានបង្ហាញការគោរពតាមរយៈពាក្យពេចន៍មួយចំនួនផងដែរ។ Gundogan លើកឡើង៖ “តាមពិតទៅវាមិនទាក់ទងអីនឹងខ្ញុំទេ គ្រាន់ថាបើខ្ញុំអាចនិយាយ គឺ Hansi Flick មិនត្រឹមជាមនុស្សល្អឡើយ តែគាត់ក៏ជាអ្នកចាត់ការដ៏ល្អម្នាក់នេះដែរ”។
លោកបន្តថា៖ “គាត់មកដល់ជម្រើសជាតិរបស់យើង ក្នុងស្ថានភាពដ៏លំបាកខ្លាំង តែគាត់តែងតែរក្សាភាពស្មោះត្រង់ ខ្ញុំពិតជាមានការគោរពចំពោះ Flick ជាខ្លាំង”។ រំឭកឲ្យបងប្អូនដឹង គ្រូវ័យ ៥៨ ឆ្នាំខាងលើ បានឆ្លងកាត់ពេលវេលាដឹកនាំជម្រើសជាតិឥន្រ្ទីយ៍ដែកចន្លោះខែសីហា ឆ្នាំ ២០២១ ដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២៣។
បញ្ចប់សម្តីពាក់ព័ន្ធអ្នកចាត់ការសព្វថ្ងៃលោក Xavi គេបន្ត៖ “គាត់បានដើរតួដ៏ធំក្នុងការនាំយកខ្ញុំមកកាន់ Barcelona ត្រង់ថាបើរបៀបដែលយើងជជែកគ្នាទៅផ្សេង ក៏ខ្ញុំមិនអាចមកទីនេះដែរ ខ្ញុំពិតមិនរំពឹងថាគាត់នឹងប្រកាសដំណឹងចាកចេញទេ យ៉ាងណាទីបញ្ចប់យើងនៅតែគោរពចំពោះគាត់”៕