លោក Julian Nagelsmann ត្រូវបានគេរាយការណ៍ថាកំពុងក្លាយជាបេក្ខភាពឈានមុខគេ ក្នុងការមកជំនួសតំណែងរបស់លោក Erik ten Hag ក្នុងនាមជាអ្នកចាត់ការក្លិបបិសាចក្រហម Manchester United ដោយសហម្ចាស់ថ្មី គឺលោក Sir Jim Ratcliffe។
ជាក់ស្តែងកាលពីដើមសប្តាហ៍នេះ Man United បានបញ្ជាក់ជាផ្លូវការថា Ratcliffe បានបញ្ចប់ការទិញយកភាគហ៊ុនចំនួន ២៥% របស់គាត់ ដែលក្នុងនោះលោកនឹងមានសិទ្ធិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងរាល់ប្រតិបត្តិការរបស់ក្លិប ។
គួររំលឹកផងដែរថា នៅដើមរដូវកាលនេះ តំណែងរបស់លោក Ten Hag បានស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះហាក់មានភាពធូស្រាលទៅវិញ ដោយសារតែជ័យជម្នះរបស់ក្រុមក្នុងប៉ុន្មានប្រកួតចុងក្រោយ។
ប៉ុន្តែ បើយោងតាម SportsZone បានរាយការណ៍ថា លោក Nagelsmann ដែលធ្លាប់បង្ហាញចំណាប់អារម្មណ៍ក្នុងការចូលមកដឹកនាំក្លិប Manchester United តាំងពីរដូវក្តៅមុន កំពុងក្លាយជាបេក្ខភាពកំពូលសារជាថ្មីម្តងទៀត ពោលគឺចាប់តាំងពីលោក Ratcliffe ចូលមកគ្រប់គ្រងក្លិបមក ។
ជម្រាបជូនផងដែរថា បុរសវ័យ ៣៦ឆ្នាំរូបនេះ ត្រូវបានចាត់ទុកថាជាគ្រូបង្វឹកវ័យក្មេងដ៏មានសក្តានុពលបំផុតមួយនៅទ្វីបអឺរ៉ុប ដោយបច្ចុប្បន្នលោកកំពុងទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ ពិសេសសម្រាប់ការប្រកួតពានរង្វាន់ Euro ឆ្នាំ ២០២៤ នាពេលខាងមុខនេះផងដែរ៕