ខ្សែបម្រើក្លឹបកាំភ្លើងធំ Arsenal គឺ Declan Rice បានបង្ហាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងមិត្តរួមទ្រនំ ដែលធ្វើឲ្យខ្លួនភ្ញាក់ផ្អើលនឹងទម្រង់លេងខ្លាំងបំផុត ចាប់តាំងការផ្ទេរនៅតម្លៃបំបែកកំណត់ត្រា ១០៥ លានផោន ចេញពីក្លឹបញញួរធំ West Ham កាលរដូវក្តៅ ឆ្នាំ ២០២៣។
ឆ្លងកាត់ស្ថិតិ ៣៦ ប្រកួត ក្នុងនាមជាខ្សែបម្រើការពារ ឃើញថាកីឡាករអង់គ្លេសក៏ហាក់បង្ហាញទម្រង់បានល្អគួរសម ត្រង់រកបាន ៤ គ្រាប់និង Assist ៥ លើក។ តែយ៉ាងណា Rice គេបានមើលឃើញ Gabriel Magalhaes ជាកីឡាករដែលធ្វើឲ្យខ្លួន Surprise ខ្លាំងបំផុត ដូចគ្នានឹងដៃគូខាងក្រោម William Saliba។
ប្រាប់ទៅ TNT Sports កីឡាករវ័យ ២៥ ឆ្នាំលើកឡើង៖ “ខ្ញុំអត់និយាយលើកគាត់ពេកទេ ខ្ញុំមិនមែនមកអង្គុយទីនេះ ដើម្បីតែរៀបរាប់ពាក្យកុហកឡើយ ខ្ញុំគិតថា Saliba ពិតជាអស្ចារ្យណាស់ តាមពិតខ្ញុំលឺខ្លះៗអំពីគាត់មុនមកទីនេះ ហើយអ្នកដែលបង្កើតភាពភ្ញាក់ផ្អើលដល់ខ្ញុំបំផុតនោះគឺ Gabriel”។
លោកបន្តថា៖ “គាត់ពិតជាមាំខ្លាំង គាត់មិនងាយចាញ់នឹងការប្រជែងបាល់មួយទល់មួយឡើយ ជារួមទៅពេលយើងមានខ្សែការពារកណ្តាលក្រោយទាំងពីររបៀបនេះ វាពិតជាជួយឲ្យយើងទទួលអារម្មណ៍មានទំនុកចិត្តកាន់តែខ្លាំងបន្ថែមទៀត”៕