ក្រោមការដឹកនាំរបស់ម្ចាស់ថ្មីលោក Sir Jim Ratcliffe ក្លឹបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ ថាហាក់លែងស្ទាក់ស្ទើរនឹងការសម្រេចអនាគតកីឡាករលេងតំណែងប្រយុទ្ធ Antony តទៅទៀត នេះគឺច្បាស់លាស់ក្នុងការផ្ទេរគេចេញនាពេលវេលាខាងមុខ ឲ្យតែបានតម្លៃដើមមកវិញពាក់កណ្តាលចូលហោប៉ៅ។
ត្រលប់ទៅរដូវក្តៅ ឆ្នាំ ២០២២ ក្លឹបម្ចាស់ដី Old Trafford បាននាំយកកីឡាករប្រេស៊ីលចេញពីក្លឹបហូឡង់ Ajax ក្នុងតម្លៃកប់ពពកដល់ទៅ ៨៦ លានផោនឯណោះ។ យ៉ាងណាការមកដល់របស់ Antony មិនបានបង្កើតឥទ្ធិពលវិជ្ជមានជូនក្លឹបទេ ត្រង់ ៧០ ប្រកួតសរុប គេអាចរកបានត្រឹម ៩ គ្រាប់គត់។
ឥឡូវនៅរដូវកាល ២០២៣/២៤ គេកាន់តែយ៉ាប់ខ្លាំង បើតាមសារព័ត៌មាន Daily Mail ចុះផ្សាយ Ratcliffe បានសម្រេចជាមួយថ្នាក់ក្រោម ឲ្យ Antony ចាកចេញនៅរដូវក្តៅ ក្រោយបិទបញ្ចប់រដូវកាល ប្រសិនទទួលបានតម្លៃផ្ទេរចេញ ៤៣ លានផោន មិនថាទៅខាងក្លឹបណាក៏ដោយ។
គួរឲ្យដឹងថា រាត្រីនេះវេលាម៉ោង ០២:៤៥ នាទីទៀបភ្លឺ ក្លឹប Man United នឹងត្រូវចូលជួបម្ចាស់ដី Nottingham Forest នៅជុំទី ៥ ពានរង្វាន់ FA Cup ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS។ វាក៏ជាពេលវេលាក្នុងការស្រង់ស្ថានការណ៍ត្រលប់មកវិញសម្រាប់ Antony ផងដែរ ប្រសិនជាទទួលបានឱកាសបង្ហាញខ្លួន ក្រោមការជ្រើសរើសរបស់អ្នកចាត់ការលោក Erik ten Hag៕