អ្នកចាត់ការកំពុងលេចធ្លោលោក Xabi Alonso មានការភ្ជាប់ទៅនឹងក្លឹបធំៗដូចជា Liverpool, Bayern Munich និង Real Madrid ជាទីដែលលោកធ្លាប់ចំណាយពេលកាលនៅជាកីឡាករ បន្ទាប់ពីកំពុងដឹកនាំក្រុម Bayer Leverkusen បានយ៉ាងល្អ។
ក្រុមរបស់លោក Alonso កំពុងរក្សាកំណត់ត្រាមិនបរាជ័យនារដូវកាលនេះ ហើយពួកគេមានគម្លាតនាំមុខក្រុមការពារជើងឯក Bayern Munich ក្នុងក្របខណ្ឌ Bundesliga ហើយពួកគេរំពឹងថា នឹងអាចឈ្នះជើងឯកលីគជាលើកដំបូង ក្នុងប្រវត្តិសាស្ដ្ររបស់ក្លឹប។
ថ្លែងនៅក្នុងសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ អតីតកីឡាកររបស់ Bayern Munich លោក Matthaeus បាននិយាយថា Alonso មិនគួរពិចារណាទៅដឹកនាំ Liverpool ជំនួសលោក Jurgen Klopp ដែលបានប្រកាសចាកចេញទេ ហើយជម្រើសដ៏ល្អ អ្នកចាត់ការអេស្ប៉ាញរូបនេះ គួរតែបន្ដដឹកនាំ Leverkusen។
លោក Matthaeus និយាយថា៖ “Liverpool មិនមែនជាជម្រើសដ៏ត្រឹមត្រូវសម្រាប់លោក Xabi Alonso នោះទេ បន្ទាប់ពីរដូវកាលនេះ។ គាត់មានជម្រើសល្អផ្សេងពីនេះ”។
ប៉ុន្ដែបុរសជនជាតិអាល្លឺម៉ង់យល់ឃើញថា Bayern អាចជាជម្រើសល្អសម្រាប់ Alonso ពេលដែលលោក Thomas Tuchel ចាកចេញពីតំណែងនាដំណាច់រដូវកាលនេះ។ លោកបន្ដថា៖ “Alonso គយរតែកសាងក្រុមថ្មីមួយសម្រាប់អនាគត ជាមួយនឹងកីឡាករថ្មីៗ”៕