Liverpool កំពុងតែចរចាជាមួយលោក Arne Slot គ្រូបង្គោលរបស់ក្លឹបហូឡង់ Feyenoord ដើម្បីមកជំនួសតំណែង Jurgen Klopp ដែលនឹងលាលែងនៅចុងរដូវកាលនេះ។ នេះបើតាមការអះអាងរបស់លោក Slot ផ្ទាល់ថ្មីៗនេះ។
បុរសជនជាតិអាឡឺម៉ង់លោក Jurgen Klopp បានប្រកាសថាលោកនឹងឈប់បន្តការងារជាអ្នកដឹកនាំក្លឹប Liverpool នៅដំណាច់រដូវកាល ២០២៣/២៤នេះ ក្រោយពេលដែលអ្នកចាត់ការរូបនេះដឹកនាំហង្សក្រហមអស់រយៈពេល ៩ឆ្នាំ។
ចាប់តាំងពីការប្រកាសដ៏ភ្ញាក់ផ្អើលរបស់លោក Klopp នេះមក ខាងក្លឹបក៏បានប្រញាប់ប្រញាល់ក្នុងការស្វែងរកអ្នកបន្តវេន។ ចំណោមបេក្ខជនទាំងអស់ក៏មាន បុរសជនជាតិហូឡង់ លោក Slot នេះឯង។ លោក Slot បានលើកឡើងថា៖ “ច្បាស់ណាស់ ខ្ញុំចង់ធ្វើការនៅ Liverpool” ។
លោកបានបន្ថែមថា នៅពេលនេះដែរ ខាងក្លឹប Liverpool និងក្លឹបរបស់លោកកំពុងតែចរចាជាមួយគ្នា ហើយលោកជឿជាក់ថា កិច្ចព្រមព្រៀងណាមួយនឹងលេចចេញជារូបរាងនៅពេលឆាប់ៗ។
សូមជម្រាបផងដែរថា លោក Slot បានមកដឹកនាំ Feyenoord កាលពីឆ្នាំ២០២១។ បុរសវ័យ ៤៥ឆ្នាំរូបនេះបានដឹកនាំឱ្យក្លឹបមួយនេះឈ្នះពានលីគកំពូលហុល្លង់ កាលពីរដូវកាលមុន ហើយនៅរដូវកាលនេះ លោកបានជួយឱ្យក្លឹបនេះឈ្នះពានហុល្លង់ (ពានដែលមានតម្លៃស្មើ FA Cup)។កន្លងមក លោកត្រូវបានខាង Tottenham Hotspur និងក្លឹប Leeds ទាក់ទងទៅដែរ តែលោកមិនព្រម៕