ប្រធានក្រុមជម្រើសជាតិបារាំងបច្ចុប្បន្ន Kylian Mbappe បានលើកឡើងថា ការផ្លាស់ទៅចូលរួមជាមួយក្លិបអធិរាជស Real Madrid នាពេលនេះ គឺជាក្តីសុបិនបានក្លាយជាការពិត។ នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
Mbappe ដែលស៊ុតបានសរុប ២៥៦គ្រាប់ឱ្យក្លិប Paris Saint Germain របស់បារាំង មុនពេលចាកចេញទៅចូលរួមជាមួយ Real Madrid នោះបានបញ្ជាក់ថា «វាគឺជាសុបិនបានក្លាយជាការពិតហើយ ក្រោយទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ»។

ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះបានសរសេរបង្ហោះនៅលើ Instagram ថា «នៅពេលនេះ គ្មាននរណាយល់ថាខ្ញុំមានអារម្មណ៍រំភើបប៉ុណ្ណានោះទេ។ វាជាសុបិនក្លាយជាការពិត។ ខ្ញុំពិតជារីករាយ និងមោទកភាពខ្លាំងណាស់ ដែលបានចូលរួមជាមួយក្លិបក្នុងក្តីស្រម៉ៃបែបនេះ»។
គួរបញ្ជាក់ផងថា ការផ្លាស់មកលេងក្នុងក្លិបស្ថិតក្នុងរដ្ឋធានី Madrid នៃប្រទេសអេស្ប៉ាញក្រោមកិច្ចសន្យា ៥ឆ្នាំ Mbappe នឹងចាប់ដៃគូជាមួយខ្សែប្រយុទ្ធដែលមានស្រាប់គឺ Vinicius Jr រូមទាំងកីឡាករចំណូលថ្មី Endrick និងខ្សែបម្រើឆ្នើមអង់គ្លេស Jude Bellingham ថែមទៀតផង៕