Saturday, June 21, 2025
[the_ad_group id="102"]

គុនល្បុក្កតោជាដើមហេតុដែលធ្វើអោយ ខៀវ ចិន្ដារ័ត្ន​ ងាយស្រួលហ្វឹកហាត់យុទ្ធគុនចម្រុះ

ខៀវ ចិន្ដារ័ត្ន កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជា អះអាងថាខ្លួនហ្វឹកហាត់យុទ្ធគុនចម្រុះ ឆាប់ចេះព្រោះការហ្វឹកហាត់ក្បាច់គុនជាចំណង់ចំណូលចិត្តរបស់ខ្លួន។ ដោយសារជាកីឡាការិនីគុនល្បុក្កតោផង កញ្ញា ចិន្ដារ័ត្ន រហ័សចាប់បានស្នៀត ក្បាច់ និងបច្ចេកទេស នានាក្នុងយុទ្ធគុនចម្រុះ MMA។

កីឡាការិនី ខៀវ ចិន្ដារ័ត្ន នឹងត្រូវឡើងប្រកួតក្នុងព្រឹត្តិរណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា ដែលនឹងធ្វើនៅថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះ គឺជាលើកដំបូង ដែលកីឡាការិនីគុនល្បុក្កតោរូបនេះ ឡើងប្រកួតលើកីឡាយុទ្ធគុនចម្រុះ។ 

ចំពោះបច្ចេកទេសប្រកួត ចិន្ដារ័ត្ន មិនបារម្ភឡើយ ព្រោះមានបទពិសោធន៍ហាត់ក្បាច់គុនល្បុក្កតោ តាំងពីឆ្នាំ២០១២ មក។ កីឡាការិនីវ័យ២៩ឆ្នាំរូបនេះ ពន្យល់ថា គុនល្បុក្កតោ មានក្បាច់ និងបច្ចេកទេសជាច្រើនដូចជាយុទ្ធគុនចម្រុះដែរ ដូចជាក្បាច់ក្លេរ ចាប់ អោប ជាដើម។ ម្យ៉ាងវិញទៀតនោះ កញ្ញា ចិន្ដារ័ត្ន ក៏យល់នូវបច្ចេកទេស និងចលនារបស់មនុស្ស អំឡុងពេលប្រកួតផងដែរ។

«ខ្ញុំ គិតថាក្បាច់គុនល្បុក្កតោ និងយុទ្ធគុនចម្រុះទាក់ទងគ្នាច្រើន ទាំងក្បាច់ចាប់ក្លេរ និងក្បាច់បោក។ ខ្ញុំ ធ្លាប់ហាត់ក្បាច់ក្រមា អ៊ីចឹងខ្ញុំ ឃើញមានក្បាច់មួយចំនួនស្រដៀងគ្នា។ ម្យ៉ាងវិញទៀត យើង ក៏អាចយល់ដឹងពីចលនារៀងកាយរបស់មនុស្ស ដែលឲ្យយើងដឹងថាកន្លែងណាក្លេរទៅដៃគូឈឺ ឬក៏ក្លេរទៅមិនឈឺ។ វាអាចបំពេញឲ្យគ្នាទៅវិញទៅមក។ ក្បាច់គុនល្បុក្កតោ ជួយខ្ញុំច្រើន ក្នុងការស្វែងយល់ពីបច្ចេកទេស។»។ កញ្ញា ខៀវ ចិន្ដារ័ត្ន បានពន្យល់ដូច្នេះ។

អ្វី ដែលកីឡាការិនីរូបនេះ កំពុងពង្រឹងសម្រាប់ការប្រកួតនោះ គឺកម្លាំងស្ទុះ និងការថែរក្សាគីឡូរបស់ខ្លួន។ ដោយសារ មានមាឌតូច និងគីឡូស្រាល កញ្ញា ខៀវ ចិន្ដារ័ត្ន ត្រូវប្រកួតលើទម្ងន់ ៤៥គីឡូក្រាម។ អ្នកប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ បារម្ភថាកម្លាំងស្ទុះរបស់ខ្លួន អាចធ្លាក់ចុះ នៅពេលប្រើពេលយូរក្នុងពេលប្រកួត ដែលជាហេតុមិនអាចគ្រប់សង្កត់ដៃគូរបាន។

កញ្ញា ចិន្ដារ័ត្ន បានប្រាប់ដូច្នេះថា៖«ខ្ញុំ ផ្ដោតទៅលើការហ្វឹកហាត់កម្លាំងស្ទុះ និងការគីឡូរបស់ខ្ញុំ ព្រោះគីឡូខ្ញុំរៀងតូច ដូច្នេះ ខ្ញុំត្រូវដំឡើងគីឡូ ឲ្យគ្រប់ដើម្បីប្រកួត។ ចំពោះការហ្វឹកហាត់ ខ្ញុំ អាចស្រូបយកបានលឿន ដោយសារខ្ញុំ ធ្លាប់ហាត់ល្បុក្កតោ។ ម្យ៉ាងវិញទៀត ខ្ញុំជាអ្នកចូលចិត្តក្បាច់គុន ពេលហ្វឹកហាត់លឿនសម្រាប់ខ្ញុំ។ អ៊ីចឹងអ្វី ដែលខ្ញុំផ្ដោតសំខាន់ គឺកម្លាំងកាយ។»។

គួរបញ្ជាក់ផងដែរថា  កីឡាការិនី ខៀវ ចិន្ដារ័ត្ន មានបទពិសោធន៍ច្រើនក្នុងកីឡាគុនល្បុក្កតោតាំងពីឆ្នាំ២០១២។ នៅឆ្នាំ២០១៤ កីឡាការិនីរូបនេះ ដណ្ដើមបានមេដាយមាសចំនួន៤ ពីការប្រកួតជើងឯកថ្នាក់ជាតិ និងមេដាយមាសនៅប្រទេសកូរ៉េ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]