ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បានលើកឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ថា UEFA បានតែងតាំងអ្នកត្រួតពិនិត្យក្រមសីលធម៌ និងវិន័យ ឱ្យពិនិត្យមើលលើការច្រៀងរបស់ក្រុមកីឡាករ និងវាយតម្លៃ ថាតើពួកគេបានច្រៀងបំពានលើបទប្បញ្ញត្តិវិន័យដែរឬទេ?
ក្រុមជម្រើសជាតិអេស្ប៉ាញ បានធ្វើពិធីអបអរជ័យជម្នះពានរង្វាន់ Euro 2024 ស្ថិតក្នុងទីក្រុងម៉ាឌ្រីត កាលពីថ្ងៃទី១៥ ខែកក្កដា ដោយក្នុងពេលដង្ហែពានរង្វាន់នោះ កីឡាករ Alvaro Morata និង Rodri បានស្រែកច្រៀងទាក់ទងទៅនឹងប្រទេសហ្ស៊ីប្រាល់តា។ ហ្ស៊ីប្រាល់តា ជាទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។
ទាំង Rodri និង Alvaro Morata បានស្រែកច្រៀងក្នុងពេលដង្ហែពានរួមគ្នាដូច្នេះថា៖«ហ្ស៊ីប្រាល់តា ជារបស់អេស្ប៉ាញ»។
សហព័ន្ធបាល់ទាត់ហ្ស៊ីប្រាល់តា បានដាក់ពាក្យប្តឹងទៅកាន់ UEFA កាលថ្ងៃទី១៨ ខែកក្កដា ដើម្បីស្នើឱ្យត្រួតពិនិត្យទៅលើករណីស្រែកច្រៀង។ សហព័ន្ធបាល់ទាត់ហ្ស៊ីប្រាល់តា បានចាត់ទុកថា ការស្រែកច្រៀងនោះ ជាការប្រមាថយ៉ាងខ្លាំងដល់ជនជាតិហ្ស៊ីប្រាល់តា។
កាលពីអតីតកាល អេស្ប៉ាញ បានប្រគល់ទឹកដីហ្ស៊ីប្រាល់តា ទៅឱ្យចក្រភពអង់គ្លេស ក្នុងឆ្នាំ ១៧១៣ ប៉ុន្តែរយៈពេលចុងក្រោយនេះ អេស្ប៉ាញ ក៏បានទាមទារយកទឹកដីតំបន់នោះ ត្រឡប់មកវិញ៕