ក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ មាន ឥណ្ឌូណេស៊ី ថៃ ទីម័រខាងកើត ម៉ាឡេស៊ី និងឡាវ ប៉ុណ្ណោះដែលកើនចំណាត់ថ្នាក់ក្នុងតារាង FIFA Ranking លើកចុងក្រោយ ស្របពេល វៀតណាម ហ្វីលីពីន សិង្ហបុរី មីយ៉ាន់ម៉ា ធ្លាក់ចំណាត់ថ្នាក់ និងកម្ពុជា នៅទ្រឹង។
តារាងចំណាត់ថ្នាក់ចុងក្រោយរបស់ FIFA បង្ហាញថាក្រុមឥណ្ឌូណេស៊ី បន្តកើនចំណាត់ថ្នាក់៤លេខបន្ថែមទៀត ពោលពី១៣៣ ទៅ ១២៩ បន្ទាប់ពីពួកគេបង្កើតភាពលេចធ្លោ ដោយទទួលបានលទ្ធផលស្មើជាមួយក្រុមខ្លាំង អារ៉ាប៊ីសាអូឌីត និងអូស្ត្រាលី នៅវគ្គជម្រុះ World Cup ជុំទី៣ តំបន់អាស៊ី។
ថៃ ឈានចូលចំណាត់ថ្នាក់ទី១០០ពិភពលោក និងខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដដែលក្រោយឈ្នះវៀតណាម ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។ វៀតណាម ធ្លាក់១លេខ ពី១១៥ ទៅ១១៦។
កម្ពុជា នៅតែរក្សាចំណាត់ថ្នាក់លេខ១៨០ ពិភពលោក បើទោះខនខានបន្តទៅជុំទី៣ AFC Asian Cup 2027។ ក្រុមដែលដឹកនាំដោយអតីតគ្រូបង្វឹកលោក Felix Dalmaz ប្រកួតស្មើស្រីលង្កានៅជើងទី១ និងចាញ់នៅជើងទី២ ដោយបាល់កាត់ក្តីប៉េណាល់ទី ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់តំបន់អាស៊ីនៅអារ៉ាប៊ីសាអូឌីត។ ដោយឡែក ស្រីលង្កានៅចំណត់ថ្នាក់ទី២០៥ពិភពលោកដដែល។
ឮចំណាត់ថ្នាក់ក្រុមទាំង១១ នៅអាស៊ីអាគ្នេយ៍ ថៃ (១០០) វៀតណាម (១១៦) ឥណ្ឌូណេស៊ី (១២៩) ម៉ាឡេស៊ី (១៣២) ហ្វីលីពីន (១៤៧) សិង្ហបុរី (១៦១) មីយ៉ាន់ម៉ា (១៦៧) កម្ពុជា (១៨០) ឡាវ (១៨៧) ព្រុយណេ (១៩៤) និងទីម័រខាងកើត (១៩៦)។
ជប៉ុន នៅតែរក្សាកំពូលតារាងតំបន់អាស៊ីដដែល ស្របពេលអាហ្សង់ទីន ឈរកំពូលតារាងពិភពលោក តាមពីក្រោយដោយបារាំង អេស្ប៉ាញ អង់គ្លេស ប្រេស៊ីល បែលហ្ស៊ិក ហូឡង់ ព័រទុយហ្កាល់ កូឡំប៊ី និង អ៊ីតាលី ដែលស្ថិតក្នុង Top 10៕