នាថ្ងៃទី២៩ ខែតុលា ក្រោយពេលក្លិបបានបញ្ចប់តំណែងរបស់លោក Erik ten Hag ក្រោយពេលដឹកនាំក្រុមធ្វើមិនបានល្អនៅរដូវកាលថ្មី ហើយធ្វើឱ្យក្លិបអស់ក្តីរំពឹង ក្លិប Man Utd ទៀតសោតក៏កំពុងតែស្វែងរកគ្រូបង្វឹកថ្វីមកដឹកនាំក្រុមបន្ត។ Man Utd ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថា កំពុងតែជជែកជាមួយនឹងក្លិប Sporting ក្នុងការផ្តាច់កុងត្រានាំយកលោក Amorim មកជំនួសតំណែងរបស់លោក Ten Hag។
ការជជែកជាមួយនឹងក្លិប Sporting CP គិតមកដល់ពេលនេះគឺមានភាគរយរហូដល់ ៩៩ភាគរយ រួចបាត់ទៅហើយ ដែលក្រុម Man Utd នឹងយកគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់មកជួយសង្គ្រោះក្រុមក្នុងរដូវកាល ២០២៤-២៥។ ការទាក់ទងពិភាក្សាជាមួយនឹងក្លិប Sporting ពីសំណាក់ក្លិបបិសាចក្រហម ធ្វើឡើងក្រោយពេលដែល លោក Amorim ដឹកនាំក្រុមប្រកួតឈ្នះលទ្ធផល ៣-១ ទល់នឹងក្រុម Nacional ក្នុងពានរង្វាន់ League Cup របស់ប្រទេសព័រទុយហ្កាល់ ហើយក៏ហាក់បីដូចជាការប្រកួតចុងក្រោយរបស់លោក នៅប្រទេសកំណើត។
សម្រាប់ប្រវត្តិដឹកនាំក្រុមនៅក្លិប Sporting ប្រទេសព័រទុយហ្កាល់ បុរសវ័យ ៣៩ឆ្នាំ ប្រើពេល ៣រដូវកាល ជួយក្រុមជើងខ្លាំងព័រទុយហ្កាល់ឈ្នះពានរង្វាន់លីគកំពូលចំនួន ២លើក និងពានរង្វាន់ League Cup ចំនួន ២លើក ដូចគ្នា។ បើតាមរបាយការណ៍របស់អ្នកកាសែតម្នាក់ឈ្មោះថា Filip Baleira ការផ្លាស់ទៅដឹកនាំដំបូងរបស់អ្នកចាត់ការវ័យ ៣៩ឆ្នាំ នឹងអាចមានវិបត្តិមួយចំនួននៅពេលចាប់ផ្តើម ខណៈគ្រូបង្វឹកមានវ័យក្មេង អះអាងថាចង់ឈ្នះពាននៅក្រុមបិសាចក្រហម ដូចទៅនឹងពេលដែលលោក Jose Mourinho ជានិមិត្តរួមរបស់លោកធ្លាប់ធ្វើបាន។
លោក Amorim ទៀតសោតក៏អាចចាត់ទុកបានថាជាសិស្សរបស់លោក Mourinho ដែលកំពុងតែដឹកនាំនៅក្លិប Fenerbahce។ អំឡុងពេលដែលលោក Mourinho ធ្វើជាអ្នកចាត់ការនៅក្នុងក្រុម Man Utd កាលនោះ បុរសវ័យ ៣៩ឆ្នាំ ក៏ត្រូវបានលោកអញ្ជើញឱ្យទៅរៀនវគ្គខ្លីស្ថិតក្នុងកីឡដ្ឋាន Old Trafford ពីរបៀបនៃការដឹកនាំក្រុម ហើយលោក Amorim ក៏ទទួលការអញ្ជើញកាលនៅ។
អ្នកកាសែត Bareira បានបញ្ជាក់ប្រាប់ទៅទូរទស្សន៍ Sky Sports ថាការផ្ទេររបស់លោក Amorim ទៅក្លិបបិសាចក្រហមគឺមិនមានបញ្ហានោះឡើយ ប៉ុន្តែអាចជាការផ្ទេរដ៏ប្រថុយប្រថានខ្លាំង ដូចកាលពីដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ទៅដឹកនាំក្រុម Sporting ដំបូង។ អ្នកកាសែតព័រទុយហ្កាល់បន្ថែមថា ផ្លាស់ទៅ Sporting ដំបូងទាំងប្រថុយប្រថាន ប៉ុន្តែចុងក្រោយលោក Amorim បានជួយក្រុមឈ្នះពានរង្វាន់ចំនួន ២ ខណៈកម្រិតប្រកួតប្រជែងក្នុងពានរង្វាន់តំបន់អឺរ៉ុបក្រុមក៏ធ្វើបានល្អខ្លាំង។
សម្រាប់ក្រុម Man Utd បានរំពឹងថានឹងអាចតែងតាំងលោក Amorim មុនពេលការប្រកួតទល់នឹងក្រុម Chelsea ក្នុងសប្តាហ៍នេះ ព្រោះតែបញ្ហាពីការបណ្តេញអ្នកចាត់ការនឹងអាចធ្វើឱ្យគម្រោងដំណើរក្នុងការក្រុមត្រូវផ្អាករយៈពេលខ្លី។ មួយវិញទៀតមុនពេលការមកដល់របស់ Amorim ក្លិប Man Utd គឺស្ថិតក្រោមការដឹកនាំរបស់លោក Ruud Van Nistelrooy ជាអ្នកចាត់ការបណ្តោះអាសន្ត ដើម្បីដឹកនាំក្រុមប្រកួតទល់នឹងក្រុម Leicester City ក្នុងពានរង្វាន់ League Cup ថ្ងៃទី៣០ តុលា៕