Wednesday, June 18, 2025
[the_ad_group id="102"]

World Cup៖ ឥណ្ឌូណេស៊ី ឈ្នះអារ៉ាប៊ីសាអូឌីត ធ្វើឱ្យការប្រជែងពូល C ប្រទាញប្រទង់

ឥណ្ឌូណេស៊ី បានបង្ហាញភាពភ្ញាក់ផ្អើលសារជាថ្មី តាមរយៈការយកឈ្នះអារ៉ាប៊ីសាអូឌីត ២-០ ក្នុការប្រកួតជម្រុះ FIFA World Cup 2026 ជុំទី៣ តំបន់អាស៊ី នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា។ ខ្សែប្រយុទ្ធវ័យក្មេង Marselino Ferdinan រកបាន២គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមលោក Shin Tae-yong ឈរចំណាត់ថ្នាក់លេខ៣ក្នុងពូល C។ ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត បារ៉ែន និងចិន មាន៦ពិន្ទុដូចគ្នា។

ជាមួយអ្នកគាំទ្រផ្ទាល់ ៥៥៩៧០នាក់ នៅកីឡដ្ឋាន Gelora Bung Karno Main ក្នុងក្រុងហ្សាការតា ក្រុមឥណ្ឌូណេស៊ី ពិតជាមិនបានធ្វើឱ្យអ្នកគាំទ្រខ្លួនទាស់ចិត្តនោះឡើយ។ មិនតែប៉ុណ្ណោះ ជ័យជម្នះលើកដំបូងរបស់ឥណ្ឌូណេស៊ី ពិតជាមានសារសំខាន់ណាស់ក្នុងការបើកផ្លូវឱ្យក្រុមពីតំប់អាស៊ីអាគ្នេយ៍មួយនេះ មានឱកាសបង្ហាញមុខនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ដែលធ្វើរួមគ្នានៅ អាម៉េរិក កាណាដា និងម៉ិស៊ិក។

ខ្សែប្រយុទ្ធ វ័យ២០ឆ្នាំ Ferdinan ដែលត្រូវបានអ្នកគាំទ្រឥណ្ឌូណេស៊ី ចាត់ទុកជាគ្រាប់ពេជ្ររបស់ក្រុម រកបាន២គ្រាប់ម្នាក់ឯង នៅនាទី៣២ និង៥៧ ដើម្បីជួយក្រុមឈ្នះ ក្រុមខ្លាំងអារ៉ាប៊ីសាអូឌីត ២-០ នៅជំនួបទី ៦ ក្នុងពូល C នៃវគ្គជម្រុះជុំទី៣។

៣ពិន្ទុបន្ថែម បានធ្វើឱ្យក្រុមលោក Shin Tae-yong កើនដល់៦ពិន្ទុ និងឡើងទៅឈរចំណាត់ថ្នាក់លេខ៣ក្នុងពូល ដែលជាតំបន់ទទួលបានកៅអីវគ្គជម្រុះជុំទី៤។ អារ៉ាប៊ីសាអូឌីត ដែលមាន៦ពិន្ទុដូចគ្នា ធ្លាក់ទៅលេខ៤វិញ ស្របពេលបារ៉ែន និងចិន ដែលមាន៦ពិន្ទុដែរនោះ នៅលេខរៀងទី៥ និងទី៦។ អូស្ត្រាលី រក្សាចំណាត់ថ្នាក់លេខ២របស់ខ្លួនដដែល ដោយរកបាន ៧ពិន្ទុ ក្រោយស្មើ បារ៉ែន ២-២។ 

ជប៉ុន ឯណោះវិញ ទទួលបានកៅអីវគ្គជម្រុះជុំទី៤ ដោយស្វ័យប្រវត្តិ បន្ទាប់ពីបន្តឈ្នះចិន ៣-១ និងជាជ័យជម្នះទី៥របស់ខ្លួនចំណោម៦ប្រកួត។ ក្រុមរហស្សនាមសាមូរ៉ៃ មាន១៦ពិន្ទុ។

ពូល A អ៊ីរ៉ង់ ក៏ទទួលបានកៅអីវគ្គជម្រុះជុំទី៤ ដោយស្វ័យប្រវត្តិផងដែរ បន្ទាប់ពីវាយបកឈ្នះកៀហ្ស៊ីស៊ីស្ថាន ៣-២។ អ៊ីរ៉ង់ ដែលមិនស្គាល់ចាញ់សោះ រកបាន១៦ពិន្ទុ ពីការប្រកួត៦លើក តាមពីក្រោយដោយ អូសប៊េគីស្ថាន ដែលមាន១៣ពិន្ទុ និងលេខ៣ អេមីរ៉ាតអារ៉ាប់រួម មាន១០ពិន្ទុ។ កាតា ឈរលេខ៤ មាន៧ពិន្ទុ កៀហ្ស៊ីស៊ីស្ថាន មាន៣ពិន្ទុ ឈរលេខ៥ និងកូរ៉េខាងជើង នៅបាតតារាងមាន ២ពិន្ទុ។

កូរ៉េខាងត្បូង ឈរកំពូលតារាងពូល B ដដែល ទោះស្មើ ប៉ាឡេស្ទីន ១-១ ប៉ុន្តែអ៊ីរ៉ាក់ ឡើងប្រដេញពិន្ទុប្រកៀក តាមរយៈការយកឈ្នះអូម៉ង់ ១-០។ កូរ៉េខាងត្បូង​ មាន១៤ពិន្ទុ ឯអ៊ីរ៉ាក់ មាន១១ពិន្ទុ។ ហ្សកដានី ឈរលេខ៣ មាន៩ពិន្ទុ អូម៉ង់ មាន៦ពិន្ទុនៅលេខ៤ លេខ៥ កូវ៉ែត រកបាន៤ពិន្ទុ និងក្រុមបាតតារាងប៉ាឡេស្ទីន មាន៣ពិន្ទុ។

ការប្រកួតវគ្គជម្រុះតាមពូល តំបន់អាស៊ី ជុំទី៣ នៅសល់៤ប្រកួតរៀងខ្លួន។ ៦ក្រុម ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់១ និងលេខ២ នៃពូលទាំង៣ ទទួលបានកៅអីស្វ័យប្រវត្តិទៅ World Cup ឆ្នាំ២០២៦ ស្របពេលក្រុមលេខ៣ និងលេខ៤ បន្តទៅប្រកួតវគ្គជម្រុះជុំទី៤ ចំណែកលេខ៥ និងលេខ៦ នឹងត្រូវហាលអាវ៕ 

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]