ថ្មីៗនេះ ក្រុមជម្រើសជាតិអ៊ីតាលី បានប្រកាសតែងតាំងអតីតគ្រូបង្វឹករបស់ក្រុម Napoli លោក Luciano Spalletti ជាអ្នកចាត់ការថ្មីរបស់ខ្លួន បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយលោក Roberto Mancini ។ ជាក់ស្តែងគ្រូបង្វឹកវ័យ ៦៤ ឆ្នាំ បានចុះហត្ថលេខាជាមួយក្រុមអ៊ីតាលី រហូតដល់ក្រោយព្រឹត្តិការណ៍ពានរង្វាន់ World Cup ឆ្នាំ ២០២៦ ដោយនឹងចាប់ផ្តើមការងារដឹកនាំដំបូងរបស់លោក នៅថ្ងៃទី ១ ខែកញ្ញា តទៅ។
លោក Spelletti បានចូលមកជំនួសតំណែងរបស់លោក Mancini ដែលបានប្រកាសលាលែងចេញពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីបានលើកពីហេតុផលផ្ទាល់ខ្លួន កាលពីចុងសប្តាហ៍មុន ក្រោយដឹកនាំអ៊ីតាលី អស់ ៥ ឆ្នាំ។យ៉ាងណាមិញ បើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) បានប្រកាសថា៖ “សហព័ន្ធបាល់ទាត់អ៊ីតាលី ប្រកាសថាបានឈានដល់កិច្ចព្រមព្រៀងជាមួយ Luciano Spalletti សម្រាប់តំណែងអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិអ៊ីតាលី។ ហើយលោក នឹងត្រូវចូលកាន់តំណែងចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ តទៅ“៕