អតីតខ្សែប្រយុទ្ធរបស់ Arsenal និង Manchester United, Alexis Sanchez អាចនឹងត្រលប់ទៅចូលរួមអតីតក្លិបរបស់គេមួយទៀតគឺ Inter Milan។ កីឡាករជម្រើសជាតិឈីលីវ័យ៣៤ឆ្នាំ បច្ចុប្បន្នពុំទាន់មានក្លិបលេងនៅឡើយទេ បន្ទាប់ពីចែកផ្លូវគ្នាជាមួយក្លិប Marseille នៅដំណាច់រដូវកាលមុន។ Sanchez មានការភ្ជាប់ទៅនឹងការត្រលប់ទៅ Barcelona នៅក្នុងរដូវក្ដៅនេះ ខណៈដែលក្លិបអេស្ប៉ាញ មានការព្យាយាមនាំចូលជម្រើសតំបន់ប្រយុទ្ធក្នុងតម្លៃទាប។
ប៉ុន្ដែ CEO របស់ Inter លោក Giuseppe Marotta បានបង្ហើបថា គេអាចត្រលប់ទៅចូលរួមក្លិបយក្ស Serie A ជាថ្មី ក្រោយព្រមព្រៀងបញ្ចប់កុងត្រាជាមួយក្លិប។ លោក Marotta បាននិយាយថា៖ “Joaquin Correa ចង់មានកន្លែងទំនេរ ហើយ Sanchez ពិតជាចង់ត្រលប់មកទីនេះវិញ។ Alexis បានផ្ញើសារយ៉ាងច្បាស់អំពីបំណងចូលរួម Inter ជាថ្មី វាជាការពិត”៕