យោងតាមការចុះផ្សាយពីសារព័ត៌មាន Sky Sports បានបង្ហាញឱ្យដឹងថា អនាគតរបស់កីឡាករ Victor Osimhen កំពុងមានភាពសង្ស័យខ្លាំង ចំពេលទាំង Real Madrid, Chelsea និងក្លិបនៅអារ៉ាប់ ត្រូវបានគេរាយការណ៍មកថាកំពុងតាមដានស្ថានភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះ បន្ទាប់ពីមានភាពចម្រូងចម្រាសជាមួយក្លិប Napoli ។
ជាក់ស្តែង ស្ថានភាពរបស់ Victor Osimhen នៅ Napoli អាចធ្ងន់ធ្ងរជាងការរំពឹងទុក ក្រោយកីឡាកររូបនេះ ហាក់មានការខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងក្លិបរបស់ខ្លួន បន្ទាប់ពីវីដេអូចំអកមួយត្រូវបានបង្ហោះនៅលើគណនី TikTok ផ្លូវការរបស់ពួកគេ។
ជាលទ្ធផល ខ្សែប្រយុទ្ធរូបនេះ កំពុងពិចារណាអំពីអនាគតរបស់ខ្លួននៅក្លិប Serie A ហើយបើយោងតាម ‘Sky Sports’ បានបង្ហាញថា កីឡាករវ័យ ២៤ឆ្នាំ មានឆន្ទៈក្នុងការស្វែងរកកន្លែងលេងថ្មី នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតផងដែរថា Osimhen មានគោលដៅបី ដែលអាចបន្តសម្រាប់អាជីពរបស់ខ្លួន ដោយក្នុងនោះមាន La Liga, Premier League និង Saudi Pro League ៕