លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United មានការព្រួយបារម្ភ បន្ទាប់ពីក្រុមរបស់គាត់បានទទួលកំណត់ត្រាសម្រាប់ការចាប់ផ្តើមដ៏អាក្រក់បំផុតក្នុងរដូវកាល Premier League ។ ក្រុមបិសាចក្រហមបានចាញ់ ៤ ប្រកួតក្នុងចំណោម ៧ ប្រកួតដំបូងនៅរដូវកាលនេះ ដែលមិនធ្លាប់មានចាប់ពីពីរដូវកាល១៩៨៩-៩០។
ការចាញ់ Crystal Palace នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃសៅរ៍ ក៏ជាការទទួលបរាជ័យក្នុងទឹកដីចំនួន ២លើកជាប់គ្នាក្នុងលីគផងដែរ ដោយគ្រាប់បាល់នៅវគ្គទីមួយរបស់ Joachim Andersen គ្រប់គ្រាន់ដើម្បីធានាបាន៣ពិន្ទុសម្រាប់ Crystal Palace។
លើកចុងក្រោយដែល Manchester United ចាញ់២ប្រកួតជាប់ៗគ្នានៅនៅក្នុងដី ក្នុងក្របខណ្ឌ Premier League គឺទល់នឹង Liverpool និង Manchester City ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ។
អ្នកគាំទ្រក្រុមបិសាចក្រហម បានបង្ហាញការមិនពេញចិត្ត ក្រោយកញ្ចែរបញ្ចប់ការប្រកួត នៅកីឡដ្ឋាន Old Trafford ខណៈអ្នកចាត់ការទូទៅលោក Ten Hag បានទទួលស្គាល់ពីទម្រង់លេងដ៏អាក្រក់របស់កូនក្រុម។
Man Utd បានផ្តួលក្រុម Burnley ក្នុងក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍មុន ហើយបន្ទាប់មកទទួលជ័យជម្នះទល់នឹងក្រុម Crystal Palace ក្នុងពានរង្វាន់ EFL Cup នៅ Old Trafford ។ ប៉ុន្តែ Palace បានសងសឹកភ្លាមៗកាលពីថ្ងៃសៅរ៍ ដែលបានធ្វើឱ្យពួកគេឡើងទៅលេខ៩ ខណៈ Manchester United ធ្លាក់មកលេខ១០ នៅក្នុងតារាង៕