Manchester United បានត្រលប់ទៅកាន់ការប្រកួតប្រជែងនៅ UEFA Champions League ក្រោយអវត្តមានមួយឆ្នាំ ប៉ុន្ដែបច្ចុប្បន្នពួកគេកំពុងប្រឈមនឹងបញ្ហាលំបាក ក្នុងការប្រកួត ដោយទទួលបានជ័យជម្នះតែ៤លើកប៉ុណ្ណោះ ក្នុង៧ប្រកួតចុងក្រោយនៅ Premier League។
ក្រៅពីជួបលទ្ធផលខកចិត្តនៅលីគកំពូលអង់គ្លេស ក្រុមបិសាចក្រហម បានបរាជ័យក្នុងជំនួបបើកឆាកវគ្គចែកពូល UCL ក្រោមថ្វីជើងរបស់ Bayern Munich ៤-៣។
មុនពេលជួបតតាំងជាមួយ Galatasaray, ខ្សែការពារ Raphael Varane បានបង្ហាញវត្តមានក្នុងសន្និសីទកាសែត ជាមួយអ្នកចាត់ការ Erik ten Hag ហើយគេមិនលាក់បាំងអំពីមហិច្ឆតារបស់ក្លិបក្នុងការប្រកួតពានដ៏ធំសម្រាប់ក្លិបអឺរ៉ុបមួយនេះឡើយ។
នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថាតើ ក្រុមបិសាចក្រហមមានលទ្ធភាពប្រជែងពាន Champions League ឬទេ, Varane បានឆ្លើយថា៖ “ពិតមែនហើយ ខ្ញុំក៏គិតបែបនេះ។ វាជាការប្រកួតដ៏តានតឹង ប៉ុន្ដែយើងមានក្រុមដ៏មានគុណភាព ជាមួយនឹងស្មារតីដ៏ល្អ។ យើងត្រូវការពង្រឹងបន្ថែម, ការចាប់ផ្ដើមរដូវកាលពុំសូវរលូននោះទេ ប៉ុន្ដែខ្ញុំនៅតែមានការជំរុញ ថាយើងអាចប្រជែងជាមួយក្រុមដ៏ល្អបំផុត”៕